រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីចោរឆក់មួយក្រុម បានធ្វើសកម្មភាពឆក់យកកាបូបដៃពីបុរសម្នាក់កំពុងតែដើរឆ្លងផ្លូវទៅរករថយន្ត ដែលឈប់នៅផ្លូវម្ខាងទៀត បានសម្រេច ហើយនាំគ្នារត់គេចខ្លួនបានដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ០៤ ល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅជិតរង្វង់មូលកាំកូស៊ីធី ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមរយៈកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានដើរឆ្លងថ្នល់សំដៅទៅរករថយន្ត ដែលកំពុងតែឈប់ចាំនៅផ្លូវម្ខាងទៀត។ ខណៈឆ្លងថ្នល់បានពាក់កណ្តាលផ្លូវ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងមកជិត រួចក៏ធ្វើសកម្មភាពឆក់កាបូបដៃយកទៅតែម្តង។ តាមការបញ្ជាក់ពីជនរងបានឲ្យដឹងថា នៅក្នុងកាបូបនោះមានប្រាក់ចំនួន ៣,០០០ដុល្លារ និងកាំភ្លើងខ្លីមួយដើមផងដែរ៕ វីដេអូ៖ ស៊ន សុភក្រ្ត