រថយន្តក្រុងពណ៌ខៀវជាជំនួយឥតសំណងរបស់ជប៉ុន បានមកដល់ទីក្រុងភ្នំពេញរយៈពេលជាង១ឆ្នាំហើយ លោកទូតជប៉ុន ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ក៏បានរៀបរាប់ថាលោក និងភរិយា តែងតែជិះរថយន្តក្រុងនេះ ក៏ព្រោះតែមានភាពងាយស្រួល មានសុវត្ថិភាព ហើយលោកពិតជារីករាយពេលដែលបានឃើញប្រជាពលរដ្ឋខ្មែរជាច្រើនបានជិះរថយន្តក្រុងពណ៌ខៀវនេះ។

រថយន្តក្រុងសរុបចំនួន ៨០គ្រឿង ដំណើរការនៅរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។តម្លៃសំបុត្ររថយន្តក្រុងគឺ ១,៥០០ រៀល។ អ្នកអាចជិះរថយន្តក្រុង និងបង់ថ្លៃសំបុត្ររថយន្តក្រុងក្នុងប្រអប់តាមច្រកចូលទ្វារមុខនៃរថយន្តក្រុងស្ថិតនៅក្បែរអ្នកបើកបរ។ មនុស្សចាស់ ជនពិការ កម្មកររោងចក្រ ស្ដ្រីមានផ្ទៃពោះ ព្រះសង្ឃ សិស្ស និស្សិត គ្រូបង្រៀន អត្តពលិក ជិះរថយន្តក្រុងដោយមិនគិតថ្លៃ៕