ដូចដែលយើងធ្លាប់បានស្គាល់បានដឹងថាប្រទេសថៃគឺជាប្រទេសដ៏ឆ្លាតមួយក្នុងចំណោមអាស៊ី នៃការស្វែងរកគំនិត​ និងកែច្នៃតំបន់ទេសចរណ៍ ដោយថៃបានច្នៃតំបន់ជាច្រើនឲ្យក្លាយជាកន្លែងដ៏ទាក់ទាញមិនថាជាតំបន់ដែលកើតឡើងដោយធម្មជាតិ ឬក៏ជាមនុស្សបង្កើតនោះឡើយ។ ជាក់ស្តែងរឿងមួយដែលគ្រប់គ្នាពុំនឹកស្មានដល់នោះគេ សូម្បីតែប្រឡាយលូទឹកស្អុយដែលជាទីកង្វក់ក៏ថៃអាចច្នៃមកធ្វើជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញបានដែរ។

ប្រឡាយលូទឹកស្អុយ Saen Saep បានក្លាយជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញអស់រយៈពេលជាង៣០ឆ្នាំមកហើយ ដោយដើមឡើយប្រឡាយនេះត្រូវបានគេទុកចោលមិនមានការប្រើប្រាស់។ តែក្រោយមកទីនេះក៏បានប្រែប្រួលទៅជាតំបន់ដែលមនុស្សណែនណាន់តាន់តាប់ធ្វើដំណើរទៅមកមិនលួសថ្ងៃក្រោយពេលដែលលោក Chaowalit ដែលជាម្ចាស់អាជីវកម្ម Saen Saep Navigation ផ្តួចផ្តើមគំនិតយកប្រឡាយនេះធ្វើជាមធ្យោបាយធ្វើដំណើរ ដោយគំនិតនេះបានចេញរូបរាងឡើងក្រោយពីលោកធ្វើដំណើរទៅបរទេសឃើញគេយកស្ទឹងជិះទូកទេសចរណ៍។

យ៉ាងណាមិញគំនិតពីដំបូងគឺលោកគ្រាន់តែចង់ឲ្យមានមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកស្អុយនេះឡើង ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ផ្លូវគោកប៉ុណ្ណោះ តែក្រោយមកក៏មានភ្ញៀវទេសចរណ៍ជាច្រើននាក់ចាប់អារម្មណ៍ និងតែងធ្វើដំណើរកម្សាន្តជារឿយៗរហូតទីនេះក្លាយជាតំបន់ទេសចរណ៍ដល់សព្វថ្ងៃនេះ៕ ប្រភព៖ ReadtheCloud