កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយមានក្រុមអ្នកជិះម៉ូតូមួយក្រុមដែលបានធ្វើដំណើរកម្សាន្តមក​រមណីយដ្ឋាន​ភ្នំ​បូក​គោ និងមកដល់កន្លែងរូបសំណាកយាយម៉ៅ ប៉ុន្តែបែរជាធ្វើការបង្ហោះម៉ូតូក្នុងល្បឿនលឿនដោយមិនខ្លាចគ្រោះថ្នាក់ និងមិនខ្លាចក្រែងកន្លែងទីសក្ការៈបូជា។

វីដេអូដែលបានបង្ហោះដោយហ្វេសប៊ុកផេកឈ្មោះ Mrr Reoun បានបង្ហាញនូវសកម្មភាពក្រុមអ្នកជិះម៉ូតូមួយចំនួនធ្វើការបើកបរដោយល្បឿនលឿនព្រមទាំងបង្ហោះម៉ូតូនៅទីនោះ ធ្វើឲ្យមហាជននៅលើបណ្តាញសង្គមដែលបានឃើញវីដេអូនោះសម្តែងការខឹងសម្បារជាខ្លាំង និងរិះគន់យ៉ាងចាស់ដៃ។

ក្នុងនោះផងដែរ Mrr. Reoun ដែលជាបុគ្គលបង្ហោះវីដេអូក៏បានសរសេររៀបរាប់ទៅវិញថា៖ “ខ្ញុំមិនមែនជាRider ហើយខ្ញុំក៏មិនជាអ្នកចេះបង្ហោះម៉ូតូអីដែរ ប៉ុន្តែខ្ញុំគ្រាន់តែថតវិដីអូផុសជូនបងប្អូនមើលតែប៉ុណ្ណោះ សូមបងប្អូនជ្រាបហើយកុំយល់ច្រលំ បើខ្ញុំនិយាយខុសនៅប្រការណាមួយ ខ្ញុំសុំលើកម្រាមដៃដប់សុំទោសបងប្អូនទាំងអស់គ្នាផង។ តែជាចុងក្រោយខ្ញុំសុំបញ្ជាក់ផងថា មិនមែនអ្នកដែលស្រលាញ់ការជិះម៉ូតូនិងលេងម៉ូតូសុទ្ធតែបែបនេះទេ ចឹងហើយបងប្អូនធ្វើការរិះគុណតាមបុគ្គល សូមកុំនិយាយទាំងពួក ព្រោះប៉ះពាល់ពួកគាត់ដែលល្អៗមានច្រើនណាស់ សូមអរគុណ ហើយសង្ឃឹមថាបងប្អូនយល់”។

គួររំលឹកថាស្ទើរ​គ្រប់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​នៅ​លើ​ទី​រមណីយដ្ឋាន​ភ្នំ ​បូក​គោ តែងតែ​ឈប់ដើម្បី​ធ្វើ​​​អុជ​ធូប​ថ្វាយ​ដល់​រូប​សំណាក​លោក​យាយ​ម៉ៅនៅទីនោះ​ ដោយបងប្អូនប្រជាពលរដ្ឋ​ជឿ​លើ​បារមី​របស់​លោក​យាយ​ដែលតែងតែ​ផ្តល់​សេច​ក្តី​សុខ​៕ តើប្រិយមិត្តយល់យ៉ាងដែរ?