ទុរេន គឺផ្លែឈើមួយដែលត្រូវបានគេចាត់ទុកថាជាស្តេចផ្លែឈើ ព្រោះតែក្លិន រសជាតិ និងតម្លៃដ៏ថ្លៃរបស់វា។ ផ្លែឈើប្រភេទនេះពេញនិយមខ្លាំងណាស់សម្រាប់ប្រជាជននៅក្នុងតំបន់អាស៊ី តែសម្រាប់ផ្នែកអឺរ៉ុបភាគច្រើនគឺពិបាកទ្រាំនិងក្លិនរបស់វា។ យ៉ាងណាមិញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ ផ្លែទុរេនមួយនៃប្រទេសថៃបានដាក់លក់ក្នុងតម្លៃ ១ លាន ៥ សែនបាត ដែលប្រមាណជិត ៥ ម៉ឺន ដុល្លារ ដោយចាត់ទុកថាជាទុរេនដែលថ្លៃជាងគេបំផុតលើលោក។

ជារៀងរាល់ឆ្នាំនៅឯប្រទេសថៃតែងមានការដេញថ្លៃទុរេនពូជផ្លែល្អបំផុត ដោយការពីឆ្នាំមុនការដេញថ្លៃធ្វើឡើងគឺទទួលបានតម្លៃខ្ពស់បំផុតត្រឹមតែ ៨ សែនបាត ប្រមាណជាង ២ ម៉ឺនដុល្លារប៉ុណ្ណោះ ដោយឡែកឆ្នាំនេះការដេញថ្លៃកើនឡើងទៅដល់ ១ លាន ៥ សែន បាត ដែលប្រមាណជិត ៥ ម៉ឺនដុល្លារ។ ពេលនេះពូជទុរេនល្អដែលមានតម្លៃថ្លៃបំផុតលើលោក ត្រូវបានកាត់ប្រគល់ជូនឲ្យម្ចាស់ដែលដេញថ្លៃបានហើយ គឺជាបុរស៣រូបដែលមានឈ្មោះថាលោក ថាវីស័ក្ត សុធីន, លោក ភូមិ សុថាន់យ៉ា, លោក សុរាសី ស៊ីអ៊ីនថនសុខ នៅក្នុងចម្ការ ប៉ាតយ ឡុងមូ។

ហេតុដែលទុរេននេះទទួលបានតម្លៃនៃការដេញថ្លៃ ថ្លៃបំផុតនោះព្រោះលោក ស៊ុមនឹក ហានចៃថៃ និង អ្នកស្រី ម៉ាលីវ៉ាន់ ដែលជាម្ចាស់ចម្ការទុរេននេះបានប្រកាសថា លុយដែលទទួលពីការដេញថ្លៃទុរេនពូជល្អមួយនេះ នឹងយកទៅទិញឧបករណ៍ប្រើប្រាស់ និងជួយផ្គត់ផ្គង់ដល់មន្ទីរព្យាបាលក្នុងតំបន់ ដែលស្ថិតនៅឯខេត្តនុនបុរី ប្រទេសថៃ៕