បុរសជនជាតិបរទេសម្នាក់បានបាត់បង់ជីវិតនៅក្នុងរោងកុន ខណៈពេលកំពុងទស្សនាខ្សែភាពយន្តភ័យរន្ធត់ Annabelle Comes Home
សង្គម July 3, 2019 SAM

ស្របពេលដែលរឿង Annabelle Comes Home ដែលជាខ្សែស្រឡាយមួយនៃពិភពរឿងរន្ធត់របស់ The Conjuring Universe បានកំពុងអង្រួនចិត្តប្រិយមិត្តដែលនិយមទស្សនារឿងខ្មោចឲ្យភ័យបះសក់នោះ ស្រាប់តែបុរសម្នាក់បានស្លាប់បន្ទាប់ពីទស្សនារឿងនេះហើយ បង្កការភ្ញាក់ផ្អើលជាខ្លាំង។ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ វេលាម៉ោង ១២ និង ០៣ នាទី រំលងអាធាត្រ មានករណីមួយបានកើតឡើងនៅក្នុងរោងកុន ស្ថិតនៅឯតំបន់បាតាយ៉ា ប្រទេសថៃ ដោយបុរសជនជាតិអង់គ្លេសមួយរូបត្រូវបានគេស្គាល់ឈ្មោះថា Mr.Bernard Wifred Channing បានបាត់បង់ជីវិតក្រោយពីដួលសន្លប់ក្នុងរោងកុន។

បុរសវ័យ ៧៨ ឆ្នាំរូបនេះ ត្រូវបានគេប្រទះឃើញទិញសំបុត្រចូលទស្សនារឿង Annabelle Comes Home ដោយខណៈពេលកំពុងមើលគាត់ក៏សន្លប់បាត់ស្មារតី។ អ្នកដែលអង្គុយក្បែរបានគិតថាគាត់គេងលក់ លុះពេលចប់រឿងបុគ្គលិកសម្អាតចូលមកក៏ប្រញ៉ាប់ប្រញ៉ាល់ រាយការណ៍ និងទាក់ទងទៅខាងមន្ទីរពេទ្យ តែគួរឲ្យសោកស្តាយគាត់បានស្លាប់បាត់ទៅហើយ។ គេប៉ាន់ស្មានថាការស្លាប់របស់គាត់អាចមកពីសុខភាពពុំសូវល្អ និងភ័យខ្លាំងពេកទើបបណ្តាលឲ្យកើតហេតុបែបនេះ។ តែយ៉ាងណាមិញ សាកសព​នឹងត្រូវត្រួតពិនិត្យបន្ថែមដើម្បីដឹងពីមូលហេតុច្បាស់លាស់៕

អត្ថបទ៖ មេសា