តើនរណាទៅនឹកស្មានដល់ថាខ្សែជីវិត Fan Bing Bing ដែលធ្លាប់ជាតារាសម្តែងលំដាប់កំពូលមួយរូប ត្រូវធ្លាក់ដល់ចំណុចសូន្យក្នុងមួយពព្រិចភ្នែកបែបនេះ? តារាស្រីដែលធ្លាប់មានកេរ្តិ័ឈ្មោះល្បីមួយរូបនេះ ត្រូវបានស្រុតចុះប្រជាប្រិយភាពក្នុងរយៈពេលខ្លីក្រោយពេលដែលនាងមានរឿង​អាស្រូវ​​គេច​ពន្ធប្រមាណជា ៨៨៤លានយ័ន (១៧៨ លានដុល្លារអាមេរិក)។ ថ្មីៗនេះ Fan Bing Bing ក៏បានប្រកាសផ្តាច់ពាក្យជាមួយនឹងគូដណ្តឹងជាសាធារណៈថែមទៀត ប៉ុន្តែរឿងមិនល្អមិនមែនបញ្ចប់ត្រឹមនេះនោះឡើយ ដោយរឿងភាគដែលត្រៀមបញ្ចាំងក្នុងឆ្នាំនេះក៏ពុំអាចបន្តទៀតបានដែរ។

រឿងភាគថ្មីចុងក្រោយបង្អស់របស់នាងដែលមានចំណងជើងថា “Legend of Ba Qing” ត្រូវបានអ្នកដឹកនាំប្រកាសពន្យាពេល និងជ្រើសរើសតួសម្តែងថ្មីដើម្បីជំនួសតួឯកប្រុសស្រីគឺ Fan Bing Bing និង Gavin Gao ដែលសុទ្ធសឹងតែជាតារាជាប់ឈ្មោះរឿងអាស្រូវធំៗបំផុតប្រចាំឆ្នាំ២០១៨ ដោយ Fan Bing Bing មានរឿង​អាស្រូវ​​គេច​ពន្ធប្រមាណជា ៨៨៤លានយ័ន (១៧៨ លានដុល្លារអាមេរិក) ចំណែកឯ Gavin Gao គឺជាប់រឿងអាស្រូវ ប្រើហិង្សា និងបៀតបៀនផ្លូវភេទនារីនៅឯ ទីក្រុង Sydney ខណៈពេលដែលលោកទៅសម្តែងរឿងនៅទីនោះ។

ដោយសារតែរឿងអាស្រូវរបស់តួអង្គសំខាន់ប្រុសស្រីមួយគូនេះបានធ្វើឲ្យ ផលិតកររឿងនេះត្រូវខាតបង់ទុនអស់ជាង ៥៦៧ លានយ័ន ប្រមាណជាង ៨០ លានដុល្លារ។ ជំនួសឲ្យការបោះបង់ចោលការផលិត ផលិតកររូបនេះបានប្រកាសស្វែងរកតួថ្មីមកជំនួសតារាប្រុសស្រីរូបនេះ ដើម្បីថតជាថ្មី និងកាត់ប្លង់បញ្ចូល។ ចំណែកឯឈុត ឬប្លង់ដែល Fan Bing Bing និង Gavin Gao បានថត នឹងត្រូវលុបចោលទាំងអស់៕