ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយពេលដែលតារាស្រីកូរ៉េ Lee Yul Eum បានចាប់សត្វគ្រំយក្សដែលកំពុងជិតផុតពូជក្នុងប្រទេសថៃមកធ្វើជាអាហារខណៈពេលកំពុងថតកម្មវិធី Law of the Jungle របស់ស្ថានីយទូរទស្សន៍ SBS កូរ៉េ។ នៅក្នុងវគ្គទី ៣៧០ ក្នុងកម្មវិធី Law of the Jungle បានជ្រើសយកកោះ Mook ប្រទេសថៃមកធ្វើជាទីតាំងសម្រាប់ថត ពេលនោះតារាសម្តែងស្រី Lee Yul Eum បានជ្រមុជទឹកដោយនាងបានចាប់យកសត្វគ្រំយក្សចំនួន ៣ ពីសមុទ្រថៃមកធ្វើជាអាហារ។

ក្រោយពេលដែលបានឃើញបែបនេះប្រជាជនថៃហាក់មិនពេញចិត្តជាខ្លាំង ព្រោះតែនាងបានបំពានច្បាប់អភិរក្ស និងការពារសត្វព្រៃដែលជិតផុតពូជប្រចាំប្រទេសថៃ ដោយសារតែសត្វគ្រំយក្សនេះជាសត្វកម្រ និងជិតផុតពូជបាត់ទៅហើយក្នុងប្រទេសថៃ។ សត្វគ្រំប្រភេទនេះត្រូវបានអាជ្ញាធរ ប្រចាំតំបន់ហាមឃាត់មិនឲ្យមានការនេសាទ ឬជួញដូរនោះឡើយ ព្រោះវាស្ថិតនៅក្នុងការអភិរក្ស។ តាមការរាយការណ៍បានឲ្យដឹងថា តារាស្រីរូបនេះអាចជាប់ទោសឃុំខ្លួនក្នុងពន្ធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៤ម៉ឺនបាតសម្រាប់ សត្វគ្រំយក្សមួយដែលនាងបានចាប់។

ខណៈពេលនេះ នាយកដ្ឋានការពារធនធានសមុទ្រ​ និងកងទ័ពជើងទឹកប្រទេសថៃ កំពុងបំពេញសំណុំរឿងដើម្បីរៀបចំកោះហៅក្រុមការងារ SBS និងតារាស្រី Lee Yul Eum មកធ្វើការណែនាំតាមផ្លូវច្បាប់៕