យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo បានឲ្យដឹងថាកាលពីពេលថ្មីៗនេះបន្ទាប់ពីមានព័ត៌មានថា រដ្ឋាភិបាលជប៉ុនកំពុងពិចារណាដាក់ការត្រួតពិនិត្យការនាំចេញឲ្យកាន់តែតឹងរ៉ឹងទៅលើផលិតផលរបស់កូរ៉េខាងត្បូង ធ្វើឲ្យជនជាតិកូរ៉េចាប់ផ្តើមធ្វើការពហិការមិនប្រើប្រាស់ទំនិញជប៉ុនដូចគ្នា។ ជាងនេះទៅទៀតពួកគេក៏កំពុងតែស្នើសុំឱ្យក្រុមចម្រៀង K-POP ដែលមានជនជាតិជប៉ុនទាំងអស់ ត្រូវដកសមាជិកជប៉ុនទាំងនោះចេញពីក្រុម។

ហើយគោលដៅធំបំផុតសម្រាប់ការធ្វើពហិការនេះមានសមាជិក៣រូបរបស់ក្រុម TWICE គឺ Sana, Momo និង Mina ហើយមួយក្រុមទៀតនោះគឺសមាជិក៣រូបរបស់ក្រុមIZ*ONE គឺ Sakura, Hitomi និង Nako។ ដោយអ្នកនិយមលេងអ៊ីនធឺណិតនៅកូរ៉េជាច្រើនបាននិយាយថាពួកគេគួរតែត្រលប់ទៅប្រទេសជប៉ុនវិញ ហើយមិនគួរនឹងទទួលបាននូវប្រាក់បៀវត្សដូចជនជាតិកូរ៉េឡើយ។

ទោះយ៉ាងណាក៏ដោយមានអ្នកលេងអ៊ិនធើណេតជាច្រើនដែលគិតថាវាជារឿងខុសឆ្គង មិនគួរឲ្យមានជាប់ពាក់ព័ន្ធជាមួយនឹងតារាស្រីដែលគ្មានកំហុសឆ្កង ហើយមិនគួរបន្ទោសពួកគេចំពោះរឿងរ៉ាវដែលបានកើតឡើងដោយសារតែពួកគេទាំងនោះគឺជាជប៉ុននោះទេ៕