ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ក្រោយប្រទេសថៃរៀបចំប្តឹងកម្មវិធីកូរ៉េ Law of the Jungle របស់ស្ថានីយទូរទស្សន៍ SBS ដោយតារាស្រី Lee Yul Eum បានបំពានច្បាប់សត្វគ្រំយក្សដែលជិតផុតពូជធ្វើជាអាហារខណៈពេលកំពុងថត។ យ៉ាងណាមិញពេលខាងផលិតកររបស់កម្មវិធីនៃស្ថានីយទូរទស្សន៍ SBS បានចេញឆ្លើយតបទៅកាន់ប្រទេសថៃវិញហើយ ជាមួយនិងការប្រកាសសុំទោសជាសាធារណៈ។

ដោយពួកគេបាននិយាយថា «កម្មវិធី Law of the Jungle ត្រូវបានបើកអនុញ្ញាតសិទ្ធឲ្យថតពីមន្ត្រីប៉ូលីសថៃនៅតំបន់កោះ Muk។ ប៉ុន្តែដោយសារការពិបាកគ្រប់គ្រងចំពោះក្រុមការងារ និងការមិនបានរាយការណ៍ល្អិតល្អន់គ្រប់ព័ត៌មានទៅកាន់មន្ត្រីការពាររបស់ប្រទេសថៃ ទើបបណ្តាលឲ្យមានហេតុការបែនេះ។ ពួកយើងក៏បានព្យាបាលណែនាំពីតួអង្គសំដែងនីមួយឲ្យមានការប្រុងប្រយ័ត្ន និងជៀសវាងពីការបំពានច្បាប់ តែវានៅតែកើតឡើងដោយអចេតនា។ អាស្រ័យហេតុនេះក្រុមការងារផលិតកម្មវិធី Law of the Jungle ព្រមទាំងអ្នកសម្តែងទាំងអស់ សុំអធ្យាស្រ័យ និងអភ័យទោសពីប្រទេសថៃ និងអ្នកតាមដានទាំងអស់ ដោយពួកយើងនឹងលុបចោលឃ្លីមទាំងអស់ដែលបង្ហាញពីតួអង្គបានចាប់សត្វគ្រំយក្សពីគេហទំព័រផ្លូវការរបស់យើង។ ពួកយើងពិតជាមានការសោកស្តាយចំពោះការធ្វេសប្រហែស និងការមិនបានផ្តល់ព័ត៌មានទៅកាន់ខាងមន្ត្រីថៃ ដែលយើងបានចាប់សត្វគ្រំយក្សជិតផុតពូជនៅកន្លែងថត ពួកយើងនឹងចងចាំមេរៀននេះ ដើម្បីការពារសកម្មភាពដែលកើតឡើងក្រោយៗទៀត»។

គួរបញ្ជាក់ឲ្យដឹងដែរថាកាលពីថ្ងៃទី ២៩ ខែមិថុនា កម្មវិធី Law of the Jungle បានបញ្ចេញវគ្គទី៣៧០របស់ខ្លួនដែលមានឈ្មោះថា “Law of the Jungle in Lost Island” ដោយបានថតនៅទីតាំងកោះ Muk ប្រទេសថៃ។ ក្នុងភាគនោះតារាសម្តែងស្រីឈ្មោះថា Lee Yul Eum បានចាប់សត្វគ្រំយក្សចំនួន៣ ដែលជាសត្វជិតផុតពូជរបស់ប្រទេសថៃកំពុងធ្វើការអភិរក្ស និងហាមឃាត់ការនេសាទ។ ដោយតារាស្រីរូបនេះអាចត្រូវជាប់ពន្ធធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៤ម៉ឺនបាតសម្រាប់ សត្វគ្រំយក្សមួយដែលនាងបានចាប់៕