កាលពីថ្មីៗនេះតារាប្រុសស្រីជាច្រើននាក់បានធ្វើដំណើរទៅកាន់ខេត្តកំពង់ចាម ដើម្បីចូលរួមកម្មវិធីដាំកូនឈើ១០ម៉ឺនដើមព្យាបាលដំបៅផែនដីរបស់លោក តាន់ គឹមសួរ។ ក្នុងនោះមានដូចជាលោក ប៉ែន ចំរ៉ុង, សាឡាត់ ស្រីឡាង, សុភក្ត្រ កុសុម៉ា, និងតារាប្រុសស្រីជាច្រើននាក់ទៀត។ អ្នកស្រី ម៉ម សុម៉ាលី ស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ក៏មានវត្តមានចូលរួមផងដែរ។

អ្នកស្រីបានលើកកោតសរសើរជាខ្លាំងដល់កម្លាំងយុវជនដែលបានចូលរួម ជាពិសេសតារាប្រុសស្រីវ័យក្មេងតាមរយៈសារនៅក្នុងបណ្តាញសង្គមថា «ម្ចាស់កម្មពាររបស់ផែនដី បេសកកម្មដាំ និងថែរក្សាកូនឈើ១០មុឺនដើមក្រោមប្រធានបទ ព្យាបាលដំបៅផែនដី គឺដើម្បីមនុស្សជាតិ សត្វពិសេសគឺក្មេងៗជំនាន់ក្រោយ (យើងរួមគ្នាផ្លាស់ប្តូរផ្នត់គំនិត កាប់បំផ្លាញមកជាចូលរូមដាំនិងថែររក្សាកូនឈើទាំងអស់គ្នា)។ ក្នុងនាមមនុស្សចាស់ជាងគេពិតជាកោតសរសេីរទឹកចិត្ត ប្អូនៗ កូនៗ សុទ្ធតែតារាល្បីប៉ុន្តែពួកគេធ្វើដេីម្បីសង្គម សុខចិត្តដេីរតាមចិញ្ចេីមថ្នល់ ឈរហាលក្តៅ គ្រប់យ៉ាងគឺចេញថវិកាផ្ទាល់ខ្លួន មិនត្អូញត្អែសោះ។ តេីនៅមានតារា ល្បីប៉ុន្មានអ្នកទៀតដែលធ្វេីដូចពួកគាត់បាន សុភក្រ្ត កុសុម៉ា ប៉ែន ចំរ៉ុង សាឡាត់ ស្រីឡាង? អ្នកជាមនុស្សដែលនាងខ្ញុំសរសេីរដោយចេញពីរបេះដូង ចំណែកប្អូនប្រុស តាន់ គឹមសួរ វិញ ឃេីញសភាពប្អូន និងការខិតខំប្រឹងប្រែងរបស់ក្រុម ល្បុក្កតោវិញ ទោះឈឺ ទោះក្តៅខ្លួនក៏នៅតស៊ូមិនឈប់ឈរ តេីមិនអោយម៉ែចាស់ម្នាក់នេះ មិនសរសេីរបានទេ។ អ្នកទាំងអស់ជាក្មេងដែលខ្ញុំគោរពបំផុត មិនមែនដោយសារអ្នកជាតារាទេ ព្រោះនាងខ្ញុំនេះមិនដែលខ្វល់ទេ នាងខ្ញុំស្រលាញ់និងគោរពតែមនុស្សល្អមែនទែន ធ្វេីមែន មិនបានតែនិយាយ»៕