ថ្មីៗនេះតារាសម្តែងប្រុសល្បីឈ្មោះលំដាប់កំពូលរបស់ប្រទេសកូរ៉េខាងត្បូង Song Joong Ki បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលប្រកាសលែងលះជាមួយភរិយា Song Hye Kyo។ បន្ទាប់ពីការប្រកាសលែងលះនោះបានប្រកាសចេញមកក៏ក្លាយជាប្រធានបទមួយដ៏ក្តៅគគុកក្នុងបណ្តាញសង្គម ជាពិសេសវាក៏បានជះឥទ្ធិពលអាក្រក់មួយដល់រឿងភាគ “Arthdal Chronicles” របស់ស្ថានីយទូរទស្សន៍ tvN ដែលលោក Song Joong Ki បានដើរតួសម្តែង។

រឿងភាគ “Arthdal Chronicles” ត្រូវបានធ្លាក់អាត្រានូវអ្នកមើលសល់ត្រឹមតែ 5.8% ខណៈពេលដែលសប្តាហ៍មុនរឿងភាគមួយនេះទទួលបាន Rate ដល់ទៅ 6.5% ឯណោះ។ ចម្ងល់ជាច្រើនត្រូវបានលើកឡើងដោយចោទសួរថា តើការចាក់បញ្ចាំងនៅបន្ត ឬក៏ត្រូវបានលើកពេល ព្រោះតែមានរឿងបែបនេះកើតឡើងឬទេ? យ៉ាងណាមិញខាងស្ថានីយទូរទស្សន៍ tvN បានតបថា ការផ្សាយរបស់រឿងនេះគឺនៅតែធ្វើឡើងដូចធម្មតា ព្រោះនេះវាជារឿងបុគ្គលតែប៉ុណ្ណោះ។

គួរបញ្ជាក់ឲ្យដឹងដែរថាខ្សែភាពយន្តភាគដ៏ល្បីល្បាញមួយនេះគឺត្រូវបានចំណាយទុនអស់ជាង ៣៧លានដុល្លារក្នុងការផលិតដោយវាទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីប្រិយមិត្តដែលនិយមទស្សនារឿងភាគកូរ៉េ ដោយជារៀងរាល់សប្តាហ៍គឺតែងត្រូវបានគេ Rate ឲ្យសាច់រឿងមួយនេះពីចន្លោះ 5% ទៅ 7% ដែលជាចំនួនខ្ពស់មួយគួរឲ្យកត់សម្គាល់៕