ដូចដែលបងប្អូនបានដឹងស្រាប់ហើយថា ក្រុមយុវជនសំរាម គឺជាក្រុមយុវជនស្ម័គ្រចិត្តជួយសង្គមដោយប្រមូលសំរាម និងសម្អាតបរិស្ថានផ្តើមចេញពីប្រឡាយទឹកស្អុយបឹងត្របែក។ អស់រយៈពេលជាច្រើនខែមកហើយដែលក្រុមមួយនេះនៅតែបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំ ទាំងដែលខ្លួនពុំទទួលបានអ្វីក៏ដោយ ប៉ុន្តែពួកគេមានគោលជំហរយ៉ាងរឹងមាំមួយគឺចង់ឲ្យប្រទេសជាតិស្អាតគ្មានសំរាម។

ពេលនេះ សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាមបានទម្លាយរឿងដែលយើងពុំនឹកស្មានដល់ពីការលះបង់របស់គាត់ ដោយគាត់បានរៀបរាប់ថា «៤ខែមកនេះខ្ញុំរស់ដោយរបៀបណា? ខ្ញុំនិយាយតាមត្រង់ទៅចុះ ខ្ញុំសេងអាជីវកម្ម ខ្ញុំលក់ឡាន លក់ម៉ូតូអស់ហើយ នៅទូរសព័្ទ iPhoneX មួយគ្រឿងទៀត ដែលត្រៀមនឹងលក់ តែវាបែកកាំមេរ៉ា និង ស្គ្រីនមុខ។ ខ្ញុំបានលក់អ្វីដែលអាចលក់បានដើម្បីតែចង់យកឈ្នះពាក្យថា “មិនអាច” របស់លោកពូម្នាក់ (គាត់បានថាឱ្យខ្ញុំដេកស្រមៃទៅបើចង់ឱ្យលូនេះអស់សំរាម និងអាចចិញ្ចឹមត្រីបាននោះ)។ គ្រាន់តែខ្ញុំបានលឺថាជប៉ុនគំរោងធ្វើប្រព័ន្ធចំរាញ់ទឹកលូ ខ្ញុំក៏បាននិយាយថា ទេវតាជួយហើយយើង។

ពេលដែលខ្ញុំបានជួបបង សុថល ដែលជាអភិបាលខណ្ឌចំការមន ខ្ញុំក៏បានសួរគាត់បញ្ចាក់ម្តងទៀត គាត់ក៏បានប្រាប់ខ្ញុំថា នេះជាគំរោងរបស់ជប៉ុនជាមួយរាជរដ្ឋាភិបាល គឺជារឿងពិត។ ខ្ញុំក៏សម្រេចចិត្តលក់ម៉ូតូដើម្បីផ្គត់ផ្គង់ជីវភាពក្រុមយុវជនសំរាម។ បាទសំរាប់ខ្ញុំគឺមានរឿង២ដែលសំខាន់សំរាប់ជីវិត គឺ បងប្អូន និង ក្តីស្រមៃ។ ចលនាយុវជនខ្ញុំមួយក្រុមនេះគឺគ្មាន និងមិនពាក់ពន្ធ័នឹងនយោបាយនោះទេ ក្រុមយើង ឬ ខ្ញុំផ្ទាល់ធ្វើចលនានេះឡើងគឺ ចេញពីក្តីស្រលាញ់ពិតៗ ខ្ញុំពិតជាស្រលាញ់មាតុភូមិ និង អាណិតដល់ប្រជាពលរដ្ឋខ្មែរណាស់ ដែលស្ថិតនៅក្រោមការមើលងាយរបស់បរទេស ដូចជាអ្វីដែលខ្ញុំធ្លាប់ស្តាប់លឺ ធ្លាប់ជួបកន្លងមកនេះ។

ខ្ញុំរឹតតែមិនសុខចិត្តទទួលយកការមើលងាយរបស់ជនជាតិខ្លួនឯងផ្ទាល់! ក្នុងនាមជាមនុស្ស មានទឹកដី មានភាសា មានវប្បធម៌ អរិយធម៌ កម្ពុជាមិនមែនជាប្រទេសសំរាមនោះទេ! បើសិនជាបងប្អូនពិតជាគាំទ្រទង្វើ និង ការយល់ឃើញ ដូចជាខ្ញុំបាទពិតមែន សូមអ្នកទាំងអស់គ្នាផ្តល់ឱកាសឱ្យខ្ញុំជាអ្នកធ្វើនេះបានដើរទៅមុខចូលទៅដោះស្រាយបញ្ហានេះផង! សូមអរគុណជនរួមជាតិទាំងអស់! “សុំក្តាប់ដៃស្តាំប៉ះទ្រូងខាងឆ្វេង” ប្រាប់អ្នកទាំងអស់គ្នាថា “អាចទុកចិត្តបាន ខ្ញុំមិនធ្លាប់ធ្វើអ្វីបែបលេងៗនោះទេ”»៕