កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩​ ម្សិលមិញនេះក្រុមអាជ្ញាធរថៃបានដកហូតម៉ូតូដែលច្នៃបំពង់ស៊ីម៉ាំងមានសម្លេងឮបង្កការរំខានជាច្រើនគ្រឿង និងបានប្រមូលយកបំពង់ស៊ីម៉ាំងទាំងនោះយកទៅបំផ្លាញចោលដោយប្រើរ៉ូឡូ​កិន​ដី​។ តាមរយៈប្រភពការិយាល័យរដ្ឋបាលចរាចរណ៍ផ្លូវគោករបស់ប្រទេសថៃបានបង្ហាញឲ្យដឹងថា ម៉ូតូជាច្រើនគ្រឿងត្រូវបានផ្អាកឲ្យឈប់ចរាចរណ៍ និងចាប់ដកហូតមកទុកនៅស្នងការចាប់តាំងពីថ្ងៃទី១ រហូតដល់ ៥ កក្កដា ឆ្នាំ២០១៩ នេះ ដោយសរុបចំនួនទាំងអស់គឺ ៣០២ គ្រឿង។

ដោយម៉ូតូទាំងអស់ត្រូវបានរក្សាទុកនៅស្នងការប៉ុស្តិ៍ប៉ូលីសតាមតំបន់ដែលមានចំនួនចាប់ពី១០ ឡើងទៅដល់ ៦០គ្រឿងទៅតាមប៉ុស្តិ៍នីមួយៗ ក្នុងនោះម៉ូតូដែលបានកែច្នៃបំពង់ស៊ីម៉ាំងមានចំនួន ១២៨ គ្រឿង។ តាមច្បាប់ចរាចរណ៍ផ្លូវគោកប្រទេសថៃ អ្នកបើកបរដែលបង្កចលាចល នឹងត្រូវពិន័យជាប្រាក់សុទ្ធចំនួន ១,០០០ បាត។ សម្រាប់អ្នកដែលបើកបរបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនឹងត្រូវជាប់ពន្ធធនាគារ យ៉ាងតិចចំនួន៣ខែ និងពិន័យជាសាច់ប្រាក់ ១០,០០០ បាត។ ចំពោះម៉ូតូឬរថយន្ត កែច្នៃខុសពីទម្រង់រូបរាងដើមបង្កចលាចល និងការរំខានត្រូវពិន័យ ចំនួន២,០០០បាត។ ការប្រើប្រាស់យាន្តជំនិះ ឬបើកបរដោយពុំមានការអនុញ្ញាតពីអណាព្យាបាលនឹងត្រូវពិន័យចំនួន ១,០០០បាត។ អណាព្យាបាលទាំងអស់ត្រូវអប់រំ និងទូន្មានដល់កូនចៅរបស់ខ្លួនពីច្បាប់ និងចៀសវាងការជម្រុញកូនឲ្យដើរផ្លូវខុសជាពិសេសចំពោះអនីតិជន ប្រសិនបើអនីតិជនធ្វើខុសច្បាប់ឪពុកម្តាយអាចនឹងត្រូវទទួលទោសជំនួស ដោយជាប់ពន្ធធនាគារ ចន្លោះក្រោម៣ខែ និងពិន័យជាប្រាក់ ៣០,០០០បាត។ ចំពោះម្ចាស់ហាងដែលទទួលធ្វើការកែច្នៃ ឬលើកស្ទួយឲ្យមានការកែច្នៃយានយន្ត នឹងត្រូវធ្វើការដកហូតអាជ្ញាប័ណ្ណ ព្រមទាំងអាចប្រឈមនឹងការជាប់ពន្ធចន្លោះក្រោម៦ខែ និងពិន័យជាទឹកប្រាក់ចន្លោះពី ២,០០០បាត ទៅ ២០,០០០បាត។

ការិល័យរដ្ឋបាលចរាចរណ៍ផ្លូវគោកថៃ នឹងចាត់វិធានការណ៍តឹងរឹងចំពោះច្បាប់ចរាចរណ៍ផ្លូវគោកចាប់ពីខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងការបង្កចលាចលផ្សេងៗជាពិសេសគឺការបង្កអនាធិបតេយ្យ​ និងរំខានអ្នកដទៃពីក្រុមកែច្នៃបំពង់ស៊ីម៉ាំងយាន្តជំនិះតែម្តង៕