កីឡាករប្រដាល់សកល Manny Pacquiao នឹងទទួលបានតម្លៃខ្លួនជាប្រាក់ប្រមាណ ២០លានដុល្លារ សហរដ្ឋអាមេរិក ជាថ្នូរនឹងការឡើងវ៉ៃដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក WBA World Welterweight Champion ពីកីឡាករអាមេរិក Keith Thurman នាថ្ងៃអាទិត្យ ទី21 ខែកក្កដា ឆ្នាំ2019 នេះ។

ប្រភពព័ត៌មានពីគេហទំព័រ Boxingnews24 បានចេញផ្សាយថា កីឡាករដែលមានរហស្សនាម «Pac Man» នឹងទទួល បានតម្លៃខ្លួន 20លានដុល្លារ ពីជំនួបលើកទីមួយទល់នឹង Thurman ដូចគ្នាកាល Pacquiao យកឈ្នះ Adrien Broner កាលពីខែមករាដើមឆ្នាំនេះដែរ ខណៈតម្លៃខ្លួនកីឡាករវ័យ ៣០ឆ្នាំ Thurman រហស្សនាម «One Time» មិនត្រូវបានបង្ហើបឲ្យដឹងឡើយ។

Pacquiao ជាកីឡាករហ្វីលីពីនទីមួយដែល Thurman ជួបក្រោយឆ្លងកាត់ប្រកួតបាន ២៩ដង មិនដែលចាញ់ មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ២២ដងក្នុងរយៈពេល ១២ឆ្នាំមកនេះ។ មហាព្រឹត្តិការណ៍ដ៏កក្រើកនេះ ទទួលសិទ្ធផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយ ទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV នៅថ្ងៃទី 21 ខែ កក្កដា ឆ្នាំ 2019 ចាប់ពីម៉ោង 8ព្រឹក តទៅ ដែលបានចូលរួមឧបត្ថម្ភដោយ ភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុនឧស្សាហកម្ម ទុយោ និង ក្បឿង ជីបម៉ុង៕