កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍ និង វិទ្យុបាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារអញ្ជើញចុះប្រគល់ផ្ទះទេវតា ចំនួន២ខ្នងបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង។

ដោយលោកតាលោកយាយដែលរងគ្រោះត្រូវភ្លើងឆេះផ្ទះនៅភូមិព្រៃតាំងធ្នង់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយផ្ទះ ១ខ្នង ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។ សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ មានគ្រោះអកុសល ផ្ទះឈេីបាំងជញ្ជាំងស្លឹកត្នោត ដំបូលប្រក់ស្បូវចាស់មួយខ្នង ត្រូវភ្លេីងឆាបឆេះខ្ទេចគ្មានសល់អ្វីក្រៅពីសំលៀកបំពាក់ជាប់ខ្លួនមួយចង្កេះ ខណៈពេលលោកតា និងលោកយាយមិននៅផ្ទះ។

ចំណែកផ្ទះលេខ២៦៦ ប្រគល់ជូនលោកយាយ ផុន យឹម អាយុ៦៥ឆ្នាំរស់នៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលជាអំណោយ ឧបាសិកា គ្រី ប៉ូង និងឧសិកា ភោគ រាជ។ នៅក្នុងពិធីប្រគល់ផ្ទះទេវតានោះ លោកតា លោកយាយ ដែលទទួលបានផ្ទះខាងលើនោះ ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀត រួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។ ជាមួយ​គ្នានោះដែរ មានប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះ ក៏បានទទួលអំណោយរបស់សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិតផងដែរ រួមមានសម្ភារសិក្សា, នំកញ្ចប់, ខោអាវ, ផ្តល់រទេះរុញដល់ជនពិការចំនួន ១ គ្រឿង និងថវិកាមួយចំនួន៕

ប្រភព៖ Hun Mana and Humanitarian Work