ឌីជេក្តឹប​ បានបង្ហាញនូវសំណេរមួយដែលបង្ហាញក្តីមិនពេញចិត្តចំពោះក្រុមគ្រូពេទ្យមួយចំនួនតូចនៅក្នុងពេទ្យជប៉ុន នៅក្រុងភ្នំពេញ។ ដោយភរិយាលោកបានបែកទឹកភ្លោះ ខណៈពរពោះបាន២៨សប្តាហ៍ ដោយមានការព្រួយបារម្ភព្រោះតែបានមកដល់មន្ទីរពេទ្យម៉ោង២យប់ទៅហើយ លោកក៏បានសាកសួរគ្រូពេទ្យនៅទីនោះ ក៏ទទួលបានចម្លើយថាត្រូវរង់ចាំវេជ្ជបណ្ឌិតរហូតដល់ពេលព្រឹក។ អ្វីដែលធ្វើឲ្យលោកមិនអស់ចិត្តដោយលោកគ្រាន់តែសាកសួរអ្នកគ្រូពេទ្យពីដំណោះស្រាយ អ្នកគ្រូពេទ្យរូបនោះក៏បានឆ្លើយវិញយ៉ាងគម្រោះគម្រើយថា “មកដល់ពេទ្យហើយភ័យស្អីទៀត”។ ខាងក្រោមនេះជាសំណេរដែលឌីជេក្តឹប បានសរសេររៀបរាប់៖

“បែកទឹកភ្លោះកាលពីម្សិលមិញម៉ោង៥ជាង ខ្ញុំក៏បានបញ្ជូនប្រពន្ធខ្ញុំទៅមន្ទីរពេទ្យរដ្ឋនៅក្នុងក្រុងព្រះសីហនុ។ បន្ទាប់មកម៉ោង៩និង៣០នាទីយប់ ពួកយើងក៏បានសម្រេចចិត្តម៉ៅឡានមួយដើម្បីបន្តដំណើរឡើងមកទីក្រុងភ្នំពេញជាបន្ទាន់ដើម្បីមានឱកាសសង្រ្គោះកូននៅក្នុងផ្ទៃទាន់នៅមានទឹកភ្លោះ។ ទីបំផុត!ពួកយើងក៏បានមកដល់មន្ទីរពេទ្យជប៉ុននៅក្នុងទីក្រុងភ្នំពេញដោយជោគជ័យត្រឹមម៉ោង២:១០នាទីភ្លឺ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះពួកយើងបានមកដល់ទីទួលសុវត្ថិភាពត្រឹមដំណាក់កាលទី១(បានមកដល់ពេទ្យ)។ ខ្ញុំបានសួរយោបល់ភ្លាមៗទៅកាន់ក្រុមអ្នកគ្រូពេទ្យថា តើអាចមានវិធីណាមួយដែលអាចសង្រ្គោះកូនខ្ញុំបានទាន់នៅមានទឹកភ្លោះ? តើអាចវះកាត់សង្រ្គោះកូនខ្ញុំភ្លាមៗបានដែរឬទេអ្នកគ្រូបើកូនខ្ញុំទើបតែបានត្រឹមតែ២៨សប្តាហ៍ជាងចឹង? ពេលនោះខ្ញុំក៏ទទួលបានចម្លើយដ៏សមស្របហេតុផលមួយរហូតត្រូវដេករង់ចាំក្រុមវេជ្ជបណ្ឌិតរហូតដល់ព្រឹកទាំងខ្លួនឯងដេកបើកភ្នែក។ ហើយបន្ទាប់ពីរង់ចាំឆ្អែត ខ្ញុំក៏ទទួលបានបន្ទប់ដេកផ្ទាល់ខ្លួនចំនួន១ក្រោយពេលបានបង់លុយ ព្រោះមិនចង់ឲ្យប្រពន្ធដេកឈឺកណ្តាលវាល។

តាំងពីយប់ម៉ោង២:១០នាទីភ្លឺរហូតមកដល់ម៉ោង២:៤៧ នាទីរសៀលថ្ងៃនេះគឺខ្ញុំបានចម្លើយដ៏ពិរោះស្ដាប់ពីអ្នកគ្រូពេទ្យដ៏ស្រស់ស្អាតម្នាក់ក្រោយពេលខ្ញុំរត់ឆ្លេរឆ្លារទៅដើររកពេទ្យដើម្បីស្វែងរកដំណោះស្រាយថា មកដល់ពេទ្យហើយភ័យស្អីទៀត? បើមានរឿងអីប្រាប់ពេទ្យទៅ(ពេទ្យគេចេះដោះ ស្រាយហើយ)។ ពេលមានឱកាស់ដូច្នេះ!ខ្ញុំក៏ឆ្លៀតសួរទៅអ្នកគ្រូពេទ្យថាអ្នកគ្រូ តើប្រពន្ធខ្ញុំត្រូវរង់ចាំដល់ពេលណាបើគាត់បែកទឹកភ្លោះយូរហើយ? គាត់ក៏មើលមុខខ្ញុំរួចតបទាំងញញឹមថា ទារកវាអាចរស់បានដោយសារទឹកភ្លោះហើយបើអស់ទឹកភ្លោះពេលណាគឺក្មេងវាអត់រស់ទេ។ ខ្ញុំក៏ស្រែកសួរភ្លាមៗថាអ្នកគ្រូ តើខ្ញុំត្រូវរង់ចាំដល់ពេលណាទៀតទៅ?អ្នកគ្រូក៏ឆ្លើយតបទាំងសេចក្តីថ្លៃថ្នូរថា មិនដឹងទេ ចាំខ្ញុំទៅឆែកមើលឯកសារសិន រួចហើយគាត់ក៏ទាញទ្វារបិទ។ បន្ទាប់មកខ្ញុំក៏ត្រូវយកដៃដេកគងថ្ងាស់រួចស្មេរសំណេរដ៏ថោកទាបនេះឡើងទាំងភ្លើ មុនសម្រេចចិត្តធ្វើរឿងអ្វីម្យ៉ាងទាំងញញឹមពេលឃើញប្រពន្ធគេងយំអាណិតកូនស្រីដែលមានអាយុទើបតែ២៨សប្តាហ៍ជាងដោយក្តីសង្ឃឹម”។

យ៉ាងណាមិញក្រោយពីបានបង្ហោះសាររិះគន់នាយក្តឹបក៏បានបង្ហោះសារជាថ្មីយ៉ាងដូច្នេះថា៖ “ក្រោយពេលបានទៅថតពិនិត្យអេកូនិងបានទទួលជ្រៀបនូវព័ត៌មាននិងហេតុផលយ៉ាងសមស្របមួយចំនួនរួចមក ទើបធ្វើអោយខ្ញុំបានដឹងច្បាស់ថា កូនស្រីរបស់ខ្ញុំមានទម្ងន់ត្រឹមតែ១គីឡូនិង២ខាំតែប៉ុណ្ណោះមិនអាចគ្រប់គីឡូនៅក្នុងការវះកាត់បាននោះទេ ព្រោះកូនខ្ញុំនៅតូចខ្លាំងពេក។

ហើយលោកគ្រូនិងអ្នកគ្រូពេទ្យបានពន្យល់បន្ថែមពីចំណុចសំខាន់នៅក្នុងការធ្វើការតាមដានពីចង្វាក់បេះដូងកូនទឹកភ្លោះនិងការថែទាំសុខភាពទាំងម្ដាយនិងទារកនៅក្នុងផ្ទៃមុនធ្វើការជួយសង្រ្គោះនៅក្នុងយប់នេះក្រោយពេលចាក់ថ្នាំ១២ម៉ោងនៅវេលាម៉ោងប្រហែល៣ភ្លឺ។

ខ្ញុំសូមអរគុណយ៉ាងខ្លាំងសម្រាប់ណែនាំនិងលើកទឹកចិត្តរបស់លោកគ្រូអ្នកពេទ្យដែលសន្យាថានឹងជួយកូនខ្ញុំបាទឲ្យអស់ពីសមត្ថភាពនិងលទ្ធភាពដែលអាចធ្វើទៅបាន។ ហើយខ្ញុំបាទបាទក៏សូមធ្វើការសុំទោសសម្រាប់សំណេរមុនចំពោះលោកគ្រូអ្នកគ្រូផងបើសិនជាមានខុសឆ្គងព្រោះខ្ញុំបាទគ្រាន់តែស្មេរពីទឹកចិត្តរបស់ខ្ញុំក្នុងនាមជាឪពុកដ៏ឡប់ឆ្គួតម្នាក់ ដែលមិនស្គាល់រាក់ជ្រៅបណ្តោលឲ្យប្រពន្ធទៅធ្វើការហត់ជាច្រើនខែ។ ហើយថែមទាំងគ្មានសមត្ថភាពរកលុយចិញ្ចឹមប្រពន្ធកូនអោយមានអីសុីហូបចុកបានគ្រប់គ្រាន់ហើយ ថែមទាំងនាំប្រពន្ធដើរលេងឆ្ងាយទាំងពោះធំទៀត”៕