កាលពីថ្ងៃទី៧ ខែកក្កដា ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅឯខេត្តត្រាច ប្រទេសថៃ បង្កឡើងដោយរថយន្តទំនើបមួយគ្រឿងពាក់ស្លាកលេខកម្ពុជាប៉ះគ្នាជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់។ យោងតាមការរាយការណ៍បានឲ្យដឹងថាកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ វេលាម៉ោង ៨ និង៣០នាទី ព្រឹក នៅចំណុចផ្លូវលេខ៣ ក្បែរសាលារៀន ក្លងយ៉ៃវិធ្យាឃុម ស្រុកក្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តម៉ាក Highlander ពាក់ស្លាកលេខកម្ពុជា ភ្នំពេញ 2Z-9666 បើកបុកម៉ូតូដែលពាក់ស្លាកលេខ กทร 669 ตราด ពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូកៀបជាប់ខាងក្រោមរថយន្ត។

អ្នកបើកបរម៉ូតូត្រូវបានគេស្គាល់ថាជាបុរសវ័យចំណាស់មួយរូបឈ្មោះថា ស៊ុមជីត អភិបាលស៊្រី អាយុ៦៦ឆ្នាំ រងរបួសបាក់ដៃធ្ងន់ធ្ងរដោយដៃឆ្វេង និងជើងឆ្វេងបានបាក់។ ក្រុមសង្គ្រោះបន្ទាន់បានព្យាយាម ជួយសង្គ្រោះរូបគាត់យ៉ាងឆាប់រហ័ស តែជាអកុសលដោយពុំអាចទ្រទ្រង់នឹងភាពឈឺចាប់បាន បុរសរូបនោះបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកឯម្ចាស់រថយន្តបង្កត្រូវបានប៉ូលីសឃាត់ខ្លួនដើម្បីសាកសួរពីមូលហេតុច្បាស់លាស់៕