ថ្មីៗនេះរឿងក្តីពាក់ព័ន្ធនឹងកម្មវិធីកូរ៉េ Law of the Jungle របស់ស្ថានីយទូរទស្សន៍ SBS ជាមួយប្រទេសថៃ ហាក់បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងសង្គម។ ពេលនេះខាងការិយាល័យថែទាំឧទ្យានជាតិប្រទេសថៃ បានប្រកាសមិនដកពាក្យបណ្តឹងជាដាច់ខាត ព្រោះតែខាងកម្មវិធីរបស់កូរ៉េបានបំពានច្បាប់ដោយចេតនា។ ដើមឡើយមហាជនគិតថាក្រុមតារាសម្តែង និងផលិតកររបស់កម្មវិធី Law of the Jungle ពុំបានដឹងពីច្បាប់ទម្លាប់ត្រឹមត្រូវរបស់ប្រទេសថៃទើបធ្វើបែបនេះ ដោយមានមតិជាច្រើនវាយប្រហារទៅកាន់ប្រទេសថៃ ជាពិសេសពីបណ្តាលអ្នកគាំទ្រ។

ក្រោយមកប្រទេសថៃក៏បានបង្ហាញកិច្ចសន្យាព្រមព្រៀងគ្នារវាងស្ថានីយទូរទស្សន៍ SBS ជាមួយអាជ្ញាធរថៃ ដោយមានស្នាមហត្ថលេខារបស់លោក Cho Yongjae ដែលជាផលិតករកម្មវិធីផ្ទាល់។ តាមរយៈកិច្ចសន្យាដែលធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ បាននិយាយថា ខាងក្រុមការងារផលិតកម្មវិធី “Law of the Jungle” និងមិនថតការបរបាញ់សត្វ ឬចាប់សត្វសមុទ្រនោះឡើយ។ ពួកគេគ្រាន់តែថតតួសម្តែងដែលត្រូវចំណាយពេលមួយយប់ស្នាក់នៅ និងផ្សងព្រេងក្នុងតំបន់អភិរក្សនោះតែប៉ុណ្ណោះ។ ពួកគេនឹងថតសកម្មភាពតារាសម្តែងដែលមានដូចជាការជិះទូកកាយ៉ាក់ ការជ្រមុជទឹក និងការជិះទូកទៅមើលសត្វត្រីនៅឯកោះមុក។ ក្រោយពីថតសកម្មភាពចប់ក្រុមសម្តែងនឹងត្រូវស្នាក់នៅ កោះលីបង់ ដែលផ្តល់ដោយសេវាកម្មឯកជន។ ក្រុមតារាសម្តែងនិងមិនស្នាក់នៅទីកន្លែងហាមឃាត់ ដែលជាប់បំរាមដោយខាងការិយាល័យថែទាំឧទ្យានជាតិប្រទេសថៃនោះទេ។

ផ្ទុយទៅវិញពេលដែលសកម្មភាពទាំងនោះត្រូវបានបង្ហោះលើបណ្តាញសង្គម វាបែជាបង្ហាញឲ្យឃើញពីសកម្មភាពរបស់ក្រុមសម្តែង ដែលតារាស្រី Lee Yeol Eum ចាប់សត្វគ្រំយក្សដែលជិតផុតពូជចំនួនបីយកមកធ្វើអាហារញ៉ាំជុំគ្នា បង្កឲ្យប្រជាជនថៃខឹងយ៉ាងខ្លាំង។ យ៉ាងណាមិញក្រុមការងាររបស់ស្ថានីយទូរទស្សន៍ SBS កូរ៉េ ក៏បានថ្លែងសុំទោសជាសាធារណៈរួចមកហើយ ប៉ុន្តែប្រទេសថៃបានតបទៅវិញថា «បើទោះបីជាពួកគេបានសុំទោសយើងរួចទៅហើយក្តី ក៏យើងពុំដកពាក្យបណ្តឹងវិញនោះដែរ ដោយសារនេះគឺជាការបំពានច្បាប់ដោយចេតនា» លោក ណារ៉ុង សុកអែត ប្រធានការិយាល័យថែទាំឧទ្យានជាតិ Hot Chao Mai ប្រទេសថៃ និយាយ។ លោកបន្តថា «បើទោះបីជាពេលនេះតារាសម្តែងមិនបាននៅប្រទេសថៃក្តី ក៏ក្រុមប៉ូលីសនៅតែស្វែងរកវិធីដើម្បីតាមរកនាងដែរ។ តារាស្រីរូបនេះនិងត្រូវបានតាមដានស៊ើបអង្កេតពីក្រុមប៉ូលីស និងកាត់ទោស អាស្រ័យទៅលើការសម្រេចចិត្តរបស់តុលាការថៃ។

គួរបញ្ជាក់ឲ្យដឹងដែរថាកាលពីថ្ងៃទី ២៩ ខែមិថុនា កម្មវិធី Law of the Jungle បានបញ្ចេញវគ្គទី៣៧០របស់ខ្លួនដែលមានឈ្មោះថា “Law of the Jungle in Lost Island” ដោយបានថតនៅទីតាំងកោះ Muk ប្រទេសថៃ។ ក្នុងភាគនោះតារាសម្តែងស្រីឈ្មោះថា Lee Yul Eum បានចាប់សត្វគ្រំយក្សចំនួន៣ ដែលជាសត្វជិតផុតពូជរបស់ប្រទេសថៃកំពុងធ្វើការអភិរក្ស និងហាមឃាត់ការនេសាទ។ ដោយតារាស្រីរូបនេះអាចត្រូវជាប់ពន្ធធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ២ម៉ឺនបាត ប្រមាណ ៧៦ម៉ឺនវ៉ុន៕