“ប្រយោគស្នេហ៍” ពីបេក្ខជនរូបសង្ហាច្រៀងផង លេងហ្គីតាផង ធ្វើឲ្យគណៈកម្មការមិនឆ្លើយថា YES មិនបាន
X-Factor July 8, 2019 SAM

កម្មវិធីដែលកំពុងទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់ជុំវិញពិភពលោក X Factor បានមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជាហើយ ដោយរាត្រីថ្ងៃទី៧ ខែកក្កដា ម្សិលមិញនេះ សប្តាហ៍ដំបូងនៃវគ្គ Judge Audition គឺត្រូវបានទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។ បេក្ខជនជាច្រើនមកពី២៥ខេត្តក្រុង ជុំវិញព្រះរាជាណាចក្រកម្ពុជាបានមកប្រមូលម្តុំគ្នាដើម្បីប្រកួតប្រជែងសមត្ថភាព និងដើម្បីដណ្តើមពាន ដោយមានការវាយតម្លៃយ៉ាងសុក្រឹតពីកំពូលតារាចម្រៀងទាំងបួន ដែលជាគណកម្មការ ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, សុខ សីឡាលីន។

ក្នុងនោះបេក្ខជនវ័យក្មេងមួយរូបមានឈ្មោះថា ណិប សក្តា អាយុ ២១ឆ្នាំ បានធ្វើឲ្យមហាជន និងគណកម្មការស្លុងចិត្តជាខ្លាំងជាមួយខ្លួន ដោយមានគំនិតច្នៃប្រឌិតថ្មីពោរពេញដោយសិល្បៈ។ បេក្ខជនរូបនេះបានយកបទ “ប្រយោគស្នេហ៍” សំនៀងដើមរបស់ ដួង វីរៈសិទ្ធ មកច្នៃជាចង្វាក់ថ្មី លេងដោយហ្គីតាដែលខ្លួនបានរៀនដោយខ្លួនឯងផ្ទាល់តាមរយៈយូធូប និងការសិក្សាស្រាវជ្រាវបានយ៉ាងពីរោះមួយបែប។ សមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ ណិប សក្តា បានធ្វើឲ្យគណកម្មការពេញចិត្តជាខ្លាំង ដោយទទួលបាន យេស ដល់ទៅបួនដែលអាចធ្វើឲ្យខ្លួនឈានទៅវគ្គបន្តបាន៕