អ្នកនិពន្ធជើងចាស់ល្បីឈ្មោះ អ្នកស្រី ម៉ៅ សំណាង ហៅ ទន្សាយ បានបាត់មុខមួយរយៈធំ ក៏ព្រោះតែបានធ្លាក់ខ្លួនឈឺជម្ងឺជាច្រើនមុខ យ៉ាងណាមិញរយៈពេលដែលកំពុងសម្រាកព្យាបាលជម្ងឺនោះ អ្នកស្រីក៏បានទទួលការសួរសុខទុក្ខពីសំណាក់អ្នកនិពន្ធជំនាន់ក្រោយ និងអ្នកគាំទ្ររបស់អ្នកស្រី។ ដោយសារតែការគាំទ្រ និងគោរពស្រលាញ់មួយនេះ បានធ្វើឲ្យអ្នកនិពន្ធរូបនេះមានចិត្តរំភើបក្រៃលែង។

យ៉ាងណាមិញថ្មីៗនេះ អ្នកស្រីម៉ៅ សំណាង បានបញ្ចេញជាផ្លូវការនូវស្នាដៃសៀវភៅប្រលោមលោកថ្មី ដែលមានចំណងជើង “សែងសុរិយា” ដែលអ្នកស្រីទើបតែសរសេរបញ្ចប់ប្រមាណជាងពីរសប្ដាហ៍មុននេះ។ សៀវភៅនេះនឹងចេញផ្សាយដោយ សៀវភៅជីវិត សម្រាប់អ្នកគាំទ្រដែលកក់ទុកសៀវភៅចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ សៀវភៅនឹងមានតម្លៃតែ២៤០០០រៀល ឬ៦ដុល្លារ។ ដោយឡែកតម្លៃទូទៅនៃសៀវភៅគឺ២៨០០០រៀល ឬ៧ដុល្លារ។

គួររំលឹកថានៅឆ្នាំ២០១៩អ្នកស្រី ម៉ៅ សំណាង នឹងចេញផ្សាយរឿងថ្មីៗចំនួន២ចំណងជើង។ ទី១គឺរឿង សែងសុរិយា និងទី២គឺរឿង #ទន្សាយជានរណា? សម្រាប់ប្រិយមិត្តអ្នកអានដែលចង់ធ្វើការកក់ទុកមុន សូមជួយផ្ញើលេខទូរសព្ទមកកាន់ផេក Mao Samnang  ដោយផ្ទាល់ ឬអាចផ្ញើទៅកាន់ផេក សៀវភៅជីវិត៕