កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅឯខេត្តត្រាត ប្រទេសថៃ បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់បាត់បង់ជីវិត។ បុរសវ័យ៦៦ឆ្នាំ ដែលមានឈ្មោះថា ស៊ុមជីត អភិបាលស៊្រី បានរងរបួសធ្ងន់ធ្ងរដោយដៃឆ្វេង និងជើងឆ្វេងបានបាក់ និងបាត់បង់ជីវិតខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយគាត់ត្រូវបានកៀបជាប់ខាងក្រោមតរថយន្តម៉ាក Highlander ពាក់ស្លាកលេខកម្ពុជា ភ្នំពេញ 2Z-9666។

រឿងហេតុនេះបានធ្វើឲ្យគេយល់ច្រឡំស្មានតែរថយន្តខាងលើជាអ្នកបង្ក ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះថា Pinthan Punkhan បានបង្ហោះឲ្យដឹងថានេះជាការយល់ច្រឡំនោះទេ។ លោកបានសរសេរថា «សូមបញ្ជាក់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តត្រាត ប្រទេសថៃ កាលពីថ្ងៃទី ៧ កក្កដា ឆ្នាំ ២០១៩ ដើមហេតុគឺរថយន្ត Toyota Yaris បើកបរដោយស្រ្តីជនជាតិថៃ បានបុកគ្នាជាមួយម៉ូតូដែលបើកបរដោយបុរសវ័យចំណាស់ជនជាតិថៃដូចគ្នា ហើយក៏បានដួលខ្ទៀតទាំងជនរងគ្រោះនិងម៉ូតូ មកក្រោមរថយន្តខ្មែរដែលធ្វើដំណើរនៅពីក្រោយស្របទិសគ្នា ដូចមានរបាយការណ៍របស់ប៉ូលីសថៃភ្ជាប់មកជាមួយ។ ហើយជនរងគ្រោះនិងម្ចាស់រថយន្ត Toyota Yaris គឺជាសាច់ញាតិនឹងគ្នាផងដែរ ប៉ុន្តែម្ចាស់រថយន្ត Toyota Yaris នោះ មិនទទួលខុសត្រូវទេ។ ដូច្នេះសូមបងប្អូនដែលមិនបានដឹងច្បាស់ពីហេតុការណ៍នេះ កុំយល់ច្រឡំថារថយន្តខ្មែរបើកបរមិនគោរពច្បាប់ចរាចរណ៍លើដីគេ»៕