ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្តាញសង្គមក្រោយពេលដែលរូបភាពជាច្រើនសន្លឹកនៃក្រុមកូនក្មេងសិស្សសាលាថៃរៀនហ្វឹកហាត់សង្គ្រោះបឋមជាមួយរូបនិម្មិតដោយផ្ទាល់។ ជាធម្មតាការសង្គ្រោះបឋម ឬ First Aid នេះ គឺតែងត្រូវបានចងក្រងជាសៀវភៅជាច្រើន ដើម្បីចែករំលែកចំណេះដឹងដល់មនុស្សប្រុសស្រីមិនថាក្មេងចាស់ឲ្យបានយល់ដឹង ដើម្បីអាចជួយសង្គ្រោះមនុស្សរងគ្រោះខណៈពេលដែលពុំមានពេទ្យជំនាញទៅទាន់ពេលវេលា។

តែភាគច្រើនយើងសង្កេតឃើញថាការអនុវត្តបែបនេះគឺមានតិចតួចណាស់ដែលបានធ្វើ ដូចនេះហើយសាលារៀនថៃដែលមានឈ្មោះថា បាងកកវិធ្យ៉ា បានបង្ហាត់កូនសិស្សខ្លួនដោយអនុវត្តផ្ទាល់ជាមួយមនុស្សសិប្បនិម្មិត។ ក្មេងៗដែលជាសិស្សបឋមសិក្សាមួយនេះ ត្រូវបានហ្វឹកហាត់វគ្គសង្គ្រោះបឋមដើម្បីជួយសង្គ្រោះអ្នកលក់ទឹក ដោយមានគ្រូជំនាញរង់ចាំឃ្លាំមើល និងពន្យល់បន្ថែម។ ការអនុវត្តបែបនេះហាក់ធ្វើឲ្យមហាជន និងអណាព្យាបាលពេញចិត្តជាខ្លាំងព្រោះវាមានប្រយោជន៍ជាច្រើន ដោយពួកគេអាចសង្គ្រោះមិត្តភក្តិ និងអ្នកជុំវិញខ្លួន។ មតិមួយចំនួនយល់ថាបណ្តុះកុមារៗតាំងពីនៅតូចបែបនេះជាការល្អ ពេលដែលពួកគេធំដឹងក្តីពួកគេអាចនឹងក្លាយជាអ្នកជំនាញមួយរូបដែលអាចជួយសង្គមជាច្រើន៕