តើអ្នកធ្លាប់ស្រម៉ៃថាចង់ឲ្យមានប៊ូហ្វេញ៉ាំទុរេនដែរឬទេ? បើអ្នកធ្លាប់គិតបែបនោះ ក្តីស្រម៉ៃអ្នកបានក្លាយជាការពិតហើយ​! ឋានសួគ៌សំរាប់អ្នកដែលចូលចិត្តញ៉ាំទុរេន បានលេចរូបរាងចេញមកហើយ ដោយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅឯប្រទេសថៃបានរៀបចំកម្មវិធីប៊ូហ្វេទុរេនមួយ ដោយអ្នកចូលរួមចំណាយត្រឹមតែ១០០បាត ប៉ុណ្ណោះអាចញ៉ាំទុរេនបានម៉ាសេរី ញ៉ាំប៉ុន្មានផ្លែក៏បាន។

លោក កិត្តិស័ក ផេសរគុន ដែលជាម្ចាស់ចម្ការទុរេននៅ​ឯស្រុក មឿងក្រាប៊ី ខេត្ត ក្រាប៊ី ប្រទេសថៃ បានប្រកាសនៅក្នុងបណ្តាញសង្គមឲ្យមានការចូលរួមញ៉ាំប៊ូហ្វេទុរេន ដោយទីតាំងនៅក្នុងចម្ការលោកផ្ទាល់ អ្នកចូលរួមគឺចំណាយត្រឹមតែ១០០បាត ញ៉ាំទុរេនមួយឆ្អែត។ កម្មវិធីប៊ូហ្វេទុរេនមួយនេះធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ចាប់ផ្តើមពីម៉ោង១ ដល់ម៉ោង ៤រសៀល។ លើសពីនេះអ្នកដែលចូលរួមអាចទិញទុរេនត្រលប់ទៅផ្ទះវិញដោយចំណាយត្រឹមតែ៣០បាតប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ បញ្ជាក់កម្មវិធីនេះធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ!

លោក កិត្តិស័ក បានបន្ថែមឲ្យដឹងថា ការដែលលោកធ្វើបែបនេះព្រោះតែឆ្នាំនេះទុរេនក្នុងចម្ការរបស់លោកគឺអំណោយផលខ្លាំង ជាពិសេសគឺនៅក្នុងខែកក្កដានេះតែម្តង។ ព្រោះតែចំនួនដ៏ច្រើននៃផ្លែទុរេនដែលលោកប្រមូលផលបាន បានធ្វើឲ្យលោកសម្រេចចិត្តរៀបចំកម្មវិធីនេះឡើង ដើម្បីផ្សព្វផ្សាយឲ្យមហាជនបានស្គាល់ពីចម្ការរបស់លោក ព្រមជាមួយរសជាតិដ៏ឆ្ងាញ់នៃផ្លែទុរេនដែលលោកដាំ។ លោកសប្បាយរីករាយជាខ្លាំងដោយមានការគាំទ្រ និងចូលរួមជាច្រើនពីសំណាក់បងប្អូនជាង២០០នាក់ឯណោះ ដោយភាគច្រើនគឺសុទ្ធសឹងតែជាអ្នកដែលរស់នៅខេត្តជិតៗនេះ។ ដោយសារតែឃើញមានការគាំទ្រច្រើនបែបនេះ កម្មវិធីប៊ូហ្វេទុរេននេះអាចនឹងធ្វើឡើងម្តងទៀតនៅឆ្នាំក្រោយ ដោយសង្ឃឹមថានឹងមានអ្នកចូលរួមកាន់តែច្រើនថែមទៀត៕