ភ្លេងពិណពាទ្យ គឺជាតន្ត្រីបុរាណដែលមានវ័យចំណាស់មួយរបស់ខ្មែរ ដោយភ្លេងពិណពាទ្យភាគច្រើនត្រូវបានគេប្រគំលេងក្នុងកម្មវិធីជាច្រើនដូចជា ព្រះរាជពិធីបួងសួង ព្រះរាជពិធីច្រត់ព្រះនង័្គល របាំអប្សរា បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិនទាន និង បុណ្យសព ជាដើម។ បើទោះបីជាសម័យកាលនីមួយសិល្បៈតន្ត្រីត្រូវបានធ្វើកំណែទម្រង់ក៏ពិតមែន តែបទភ្លេងពិណពាទ្យគឺនៅតែរក្សាបានយ៉ាងល្អដោយប្រជាជនខ្មែរ និងសាស្ត្រាចារ្យតន្ត្រី។

ជាក់ស្តែងថ្មីៗនេះតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Nop Sovanoudom បានបង្ហោះរំលឹកពីប្រវត្តិ ព្រឹទ្ធាចារ្យភ្លេងពិណពាទ្យមួយរូបដែលមានអាយុ ៩១ ឆ្នាំ តែលោកនៅតែអាចលេងភ្លេងបានយ៉ាងល្អមិនចាញ់យុវជនពេញកម្លាំងនោះឡើយ។ លោកបានសរសេររៀបរាប់ថា «ស្ថិត​ក្នុងវ័យ ៩១​ ព្រឹទ្ធាចារ្យ​ ប៉េ​ ប៉ុន​ តន្រ្តីករពិណពាទ្យនៅតែប្រគំតន្រ្តីបុរាណជារៀងរាល់ថ្ងៃ​ ដើម្បីកំដរ​ជីវិត​រស់​នៅ​ក្នុងវ័យជរារបស់លោក។

ជីវប្រវត្តិព្រឹទ្ធាចារ្យ ប៉េ ប៉ុន៖
ព្រឹទ្ធាចារ្យ ប៉េ ប៉ុន ប្រសូតនៅថ្ងៃពុធ ០៩ កើត ខែ ជេស្ឋ ព.ស ២៤៧១ គ.ស ១៩២៨ ស្ថិតក្នុងរជ្ជកាលព្រះបរមខត្តិយកោដ្ឋ នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល​ខេត្តកណ្តាល។ លោកជាបុត្ររបស់លោកតា កៅ ប៉េ និង យាយ​ នឹម លោកតាមានបងប្អូនបង្កើតសរុប១០នាក់ ក្នុងនោះស្រី៧នាក់ ប្រុស៣នាក់។ វ័យជំទង់បន្តិចលោកតា បានចូលរួមជាសិល្បករល្ខោនប្រាមោទ្យ ក្នុងតួ (ស្វា និង ឥសី) ពេលនោះលោកតាបានចាប់ចិត្តទៅលើភ្លេងពិណពាទ្យ។

គួររម្លឹកផងដែរថា ​ឪពុកលោកតាជាសិល្បករភ្លេងពិណពាទ្យ​ និង​ ភ្លេងការ ហើយលោកតារៀនចេះចាំស្ទាត់អាយុ១៨ឆ្នាំ។ នៅឆ្នាំ១៩៥០​ លោកតាបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកយាយ​ សុឹម ហុីង បានបុត្រាបុត្រីសរុប៨នាក់ ប្រុស៤ស្រី៤ ចៅប្រុសស្រី៨នាក់ និងចៅទួត៤នាក់។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោកតាត្រូវខ្មែរក្រហមប្រើឲ្យលេងភ្លេងឲ្យអ្នកចម្រៀងបដិវត្តន៍។ ក្រោយរំដោះខ្មែរក្រហម១៩៧៩​ លោកតាចូលបម្រើរដ្ឋការនៅមជ្ឈឹមស្នាក់ការវត្តកោះ បម្រើការងារនៅខាងមជ្ឈឹមអស់រយៈពេល៧ឆ្នាំ។ ឆ្នាំ១៩៨៦លោកតាចូលបម្រើការងារនៅរដ្ឋធានី រយៈពេល៧ឆ្នាំ។ ឆ្នាំ១៩៩៣ លោកតាចូលនិវត្តន៍ សព្វថ្ងៃលោកតាមានព្រះជន្ម៩១វស្សា ទីលំនៅនៅ ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល»៕ ប្រភព៖Nop Sovanoudom