ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានចាប់ផ្តើមផ្ទុះនៅភូមិឬស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានសត្វជ្រូកជាង១០០ក្បាល បានឆ្លងជំងឺមួយនេះ។ មន្ត្រីជំនាញកំពុងតែពង្រឹងការទប់ស្កាត់ចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក ចេញពីតំបន់ផ្ទុះជំងឺឆ្លង ឲ្យមានប្រសិទ្ធភាពខ្ពស់។ យ៉ាងណាមិញពាក់ព័ន្ធនឹងករណីនេះឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា បានធ្វើការប្រតិកម្មសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការលើមន្ដ្រីយោធាមួយក្រុមតូចដែលកាងយកសត្វជ្រូកផ្ទុកជំងឺប៉េស្ដជ្រូកអាហ្វ្រិកចូលក្នុងខេត្ដស្វាយរៀង ដែលបណ្តាលឲ្យខេត្តស្វាយរៀងផ្ទុះនូវជម្ងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ។

ដោយឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា បានសរសេររៀបរាប់ថា៖ “ខ្ញុំបាទ និងប្រជាពលរដ្ឋទូទៅនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋខេត្ដស្វាយរៀង សូមថ្កាលទោសយ៉ាងខ្លាំងចំពោះ មន្ដ្រីយោធាមួយក្រុមតូច ដែលបានកាងយកសត្វជ្រូកផ្ទុកជំងឺប៉េស្ដជ្រូកអាហ្វ្រិកចូលក្នុងខេត្ដស្វាយរៀង ដែលជាហេតុនាំអោយជ្រូកឈឺ និង ងាប់មានអត្រាខ្ពស់ដល់ ១០០ភាគរយ ហើយជំងឺនេះបានផ្ទុះឡើងនៅភូមិឬស្សីជូខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ បើយោងតាមការប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះជាការផ្អាកបណ្ដោះអាសន្ន។

តើការផ្អាក ការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក របស់បងប្អូនអាជីវករនៅតំបន់នោះ រងការខាតបង់ប៉ុន្មាន? ព្រោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានប្រកាសដែលថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ បង្កការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក។ ខ្ញុំក៏ដូចបងប្អូនប្រជាពលរដ្ឋ សង្ឃឹមថាសមត្ថកិច្ចដែលពាក់ព័ន្ធចំពោះបញ្ហានេះមេត្តាចាត់វិធានដល់ជនប្រព្រឹត្តល្មើសនេះមកផ្ដន្ទាទោសទៅតាមច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្ម និងធ្វើការផាកពិន័យអោយធ្ងន់ធ្ងរ ព្រោះថាបងប្អូនប្រជាពលរដ្ឋរងការខាតបង់ច្រើនណាស់។ នេះងាប់ជ្រូក ចុះបើបង្កជំងឺកាចសាហាវវិញ តើអ្នកទទួលខុសត្រូវ? បើបងប្អូនសមត្ថកិច្ចមិនចាត់វិធានការក្ដៅចំពោះជនល្មើសទាំងនោះទេ វានិងក្លាយជាការឈឺចាប់បំផុតសំរាប់បងប្អូនអាជីវករ ព្រោះការខាតបង់របស់ពួកគាត់ គឺដោយសារតែផលចំនេញរបស់ជនល្មើស”៕