ជារៀងរាល់ឆ្នាំស្ថានទូតជប៉ុនប្រចាំកម្ពុជា តែងតែរៀបចំពិធីបុណ្យផ្កាយ ឬ Tanabata Festival ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌រវាងជប៉ុន និងកម្ពុជា។ ក្នុងនោះផងដែលឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា ក៏បានធ្វើការប្រកាសដំណឹងជូនដល់សិស្សានុសិស្សកម្ពុជាចូលរួមឲ្យបានច្រើនកុះករ។

ពិធីបុណ្យផ្កាយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ និង១៤ ខែកក្កដា ខាងមុខនេះនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ដែលមានកម្មវិធីកម្សាន្តជាច្រើនទាក់ទងនឹងវប្បធម៌ជប៉ុន។ ប្រវត្តិពិធីបុណ្យផ្កាយTanabata Festival ដែល​ត្រូវបាន​គេប្រារព្ធជារៀងរាល់ឆ្នាំនាថ្ងៃទី ០៧ ខែកក្កដា​ក្នុងប្រទេសជប៉ុន ដើម្បី​រំលឹកប្រវត្តិស្នេហា រវាងបុរសគង្វាល និងនារីតម្បាញ។ ទន្ទឹមគ្នានឹងនេះដែរ ប្រជាជនជប៉ុននាំគ្នាសរសេ​រ​បំណងប្រាថ្នា​នៅលើ​ក្រដាសហើយចងខ្សែពន្យួរនៅលើដើមឬស្សី ដើម្បីឱ្យ​បំណង ប្រាថ្នារបស់ពួកគេបានសំរេច៕