ប៉ុន្មានឆ្នាំក្រោយនេះគេសង្កេតឃើញថាខាងតន្រ្តីចម្រៀងកូរ៉េគឺមានការរីកសុះសាយជាខ្លាំងជុំវិញពិភពលោក ដោយពេលនេះទីផ្សារចំរៀងកូរ៉េហាក់រឹតតែមានការប្រកួតប្រជែងជាខ្លាំង។ ពីមួយឆ្នាំទៅមួយឆ្នាំក្រុមចម្រៀងកូរ៉េជាច្រើនបានបង្កើតឡើងដើម្បីប្រកួតប្រជែងទីផ្សា ដោយមានការវាយលុកទៅប្រទេសជិតខាងដូចជាជប៉ុន និងថៃ។ ដោយឡែកទីផ្សារចំរៀងកូរ៉េនៅឯប្រទេសចិនក៏ហាក់មិនធម្មតានោះដែរ ដោយ១០ក្រុមខាងក្រោមនេះគឺសុទ្ធសឹងតែជាតារាលំដាប់កំពូលរបស់កូរ៉េដែលល្បីខ្លាំងបំផុតនៅឯប្រទេសចិន ក្រុមទាំងនោះមានដូចជា៖

១០. 2NE1៖ ក្រុមចម្រៀងស្រីដែលបង្កើតឡើងដោយផលិតកម្ម YG ក្នុងឆ្នាំ២០០៩ ដោយពួកគេត្រូវបានប្រជាជនស្គាល់យ៉ាងច្បាស់តាមរយៈការប្រគំតន្រ្តីទេសចរណ៍ “AON – All or Nothing” នៅឯប្រទេសចិន។ បើទោះបីជាពួកគេបានរំសាយក្រុមទៅហើយក៏ពិតមែន តែចំនួនអ្នកតាមដាន និងគាំទ្រនៅក្នុង QQ Music របស់ប្រទេសចិនគឺនៅតែមានចំនួនច្រើនគួរឲ្យកត់សម្គាល់ រហូតដល់ទៅ ១ លាន ១ សែននាក់ឯណោះ។

៩. WINNER៖ ក្រុមចម្រៀងប្រុសដែលចំរាញ់ចេញពីកម្មវិធីប្រកួតប្រជែងរហូតទទួលបានជ័យជំនះ និងបង្ហាញខ្លួនជាសាធារណៈ ២០១៤ ដោយផលិតកម្ម YG Entertainment ដោយមានចម្រៀងល្បីៗជាច្រើនដូចជាបទ “Really Really”, “Sentimental” និងបទចុងក្រោយគេដែលទើបនឹងចេញ “Everyday” បានកំពុងឆក់យកចិត្តប្រិយមិត្តជនជាតិចិនដល់ទៅ ១ លាន ១ សែននាក់ ក្នុង QQ Music។

៨. iKON៖ ក្រុមចម្រៀងប្រុសមួយក្រុមទៀតដែលបង្កើតឡើងដោយផលិតកម្ម YG ដោយសមាជិកនីមួយៗមានលក្ខណៈពិសេស និងសង្ហារៀងៗខ្លួន។ បើទោះបីជាថ្មីៗ B.I ដែលជាសមាជិកក្នុងក្រុមនេះមានរឿងអាស្រូវប្រើប្រាស់គ្រឿងញៀនក៏ដោយ តែអ្នកគាំទ្រពួកគេនៅក្នុង QQ Music ប្រទេសចិននៅតែកើនដល់ ១ លាន ២ សែននាក់ដែរ។

៧. f(x)៖ ក្រុមចម្រៀងស្រីដែលបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០១០ ដោយផលិតកម្ម SM Entertainment ជាមួយស្ទាយ និងចម្រៀងប្លែកៗ។ លក្ខណៈពិសេសរបស់ក្រុម f(x) ចំពោះប្រជាជនចិននោះគឺសមាជិកមួយរូបដែលមានតួនាទីជាមេក្រុមឈ្មោះថា Victoria គឺជាជនជាតិចិនផ្ទាល់តែម្តង ដោយនាងក៏បានប្រឡូកក្នុងវិស័យសម្តែងភាពយន្តភាគចិនជាច្រើនផងដែរ។ ហេតុដូចនេះមិនចម្លែកនោះទេដែលក្រុមមួយនេះទទួលបានអ្នកតាមដានដល់ទៅ ១ លាន ៣ សែននាក់នៅក្នុង QQ Music នោះ។

៦. BLACKPINK៖ ក្រុមចម្រៀងដែលល្បីឈ្មោះខ្លាំងបង្កើតឡើងដោយផលិតកម្ម YG ដែលមានសមាជិកស្រស់ស្អាតចំនួន៤នាក់ មានសមត្ថភាព និងសម្លេងខុសប្លែកគ្នា។ ដោយអាល់ប៊ុមចុងក្រោយរបស់ពួកនាង “Kill This Love” អាចលក់បានដល់ទៅចំនួន ៦៣២,០០០ អាល់ប៊ុមក្នុងប្រទេសចិន និងបង្កើនអ្នកតាមដានគាំទ្រក្នុង QQ Music ដល់ទៅ ១ លាន ៥ សែននាក់។

៥. BTS៖ បើទោះបីជាក្រុមចម្រៀងបុរសមួយនេះទទួលជោគជ័យខ្លាំងនៅខាងប៉ែកអឺរ៉ុប ជាពិសេសមានប្រិយមិត្តជាច្រើនជុំវិញពិភពលោក តែចំពោះទីផ្សារចម្រៀងប្រទេសចិនពួកគេហាក់នៅមានកម្រិតដោយពួកគេស្ថិតនៅលំដាប់ទី៥ ដែលមានអ្នកគាំទ្រចំនួន ១ លាន ៦ សែន នាក់នៅក្នុង QQ Music។

៤. T-ARA៖ ក្រុមចំរៀងស្រីមួយនេះទទួលបានក្តីស្រលាញ់ជាច្រើនពីសំណាក់អ្នកគាំទ្រជនជាតិចិន ដោយពួកនាងគឺជាក្រុមចម្រៀងស្រីដំបូងគេរបស់កូរ៉េដែលអាចដណ្តើមយកតំណែងកំពូលនៅក្នុងតារាងបទចម្រៀងរបស់ប្រទេសចិន។ បើទោះបីជាពេលនេះពួកនាងពុំមានចម្រៀងថ្មីតែចំនួនអ្នកតាមដានហាក់នៅតែមិនស្រកស្រុ៊តចុះឡើយគឺនៅចំនួន ២ លាន ៣សែននាក់ក្នុង QQ Music។

៣. Girls’ Generation៖ ក្រុមចម្រៀងស្រីដែលល្បីឈ្មោះបំផុតប្រចាំប្រទេសកូរ៉េ ក៏មានហ្វេនក្លឹបជាច្រើននៅឯប្រទេសចិនផងដែរ ដោយសមាជិកនីមួយៗរបស់ក្រុម Girls’ Generation សុទ្ធតែទទួលបានការស្រលាញ់ និងពេញចិត្តជាខ្លាំង ដោយពួកនាងមានអ្នកគាំទ្រដល់ទៅ ២ លាន ៧ សែននាក់ក្នុង QQ Music។

២. EXO៖ ក្រុមចម្រៀងបុរសដ៏ល្បីឈ្មោះប្រចាំផលិតកម្ម SM Entertainment ដោយពួកគេបានវាយលុកទីផ្សារប្រទេសចិនតាមរយៈឈ្មោះ EXO-M ដោយមានចម្រៀងជាភាសាចិន និងសមាជិកជាជនជាតិចិន។ ថ្មីៗនេះអាល់ប៊ុមចុងក្រោយរបស់ Lay ដែលជាសមាជិកជនជាតិចិនមួយរូបរបស់ EXO អាចលក់បានដល់ទៅជាង ២ លានអាល់ប៊ុមក្នុងប្រទេសចិន ដោយធ្វើឲ្យកើនអ្នកគាំទ្រក្នុង QQ Music ដល់ទៅ ៤ លាន ៨ សែននាក់។

១. BIGBANG៖ បើទោះបីជាប៉ុន្មានឆ្នាំក្រោយនេះ BIGBANG បានស្ងប់ស្ងាត់ពុំមានចម្រៀងថ្មី ព្រោះតែសមាជិកចូលបម្រើជួរកងទ័ព ថែមទាំងមានរឿងអាស្រូវរបស់ SeungRi សមាជិកក្មេងជាងគេបង្អស់ក៏ពិតមែន ក៏ BIGBANG នៅតែអាចឈរនៅលំដាប់កំពូលដែលមានហ្វេនជាង ១២ លាននាក់តាមដានគាំទ្រពួកគេនៅលើ QQ Music។ លើសពីនេះអាល់ប៊ុម “MADE” របស់ពួកគេ អាចវាយលុកទីផ្សារចម្រៀងចិនដោយលក់ដាច់អស់ជាង ២ លាន ៨ សែនបន្ទះ៕

ប្រភព៖ Koreaboo