ជាការពិតណាស់ ស្រីៗពេលចេញទៅណាមកណាម្នាក់ឯងគឺមិនងាយស្រួលនោះទេ! ព្រោះថាពិភពខាងក្រៅវាសម្បូរទៅដោយរឿងអាក្រក់ៗជាច្រើនរាប់មិនអស់។ ពេលខ្លះពួកគាត់អាចនឹងជួបមនុស្សមានបំណងមិនល្អពេលដើរម្នាក់ឯង ហើយពេលខ្លះក៏មានជនឆ្លៀតឱកាសបន្លំនេះបន្លំនោះ មើលលើមើលក្រោមដូចជាខ្លាឃើញសាច់ស្រស់ ឬពួកគាត់អាចនឹងជួបក្រុមចោរ ក៏ដូចជាឧក្រិដ្ឋជន -ល-។ ការលើកឡើងនេះមិនមែនមានន័យថា មានតែមនុស្សស្រីដែលអាចទទួលរងគ្រោះថ្នាក់តែឯងនោះទេ ប៉ុន្តែបើយើងព្យាយាមមើលឱ្យកាន់តែជ្រៅជាមួយនឹងសង្គមខាងក្រៅសព្វថ្ងៃនេះ មនុស្សស្រីរងហានិភ័យខ្ពស់ជាងមនុស្សប្រុស។

ឆ្លើយតបទៅនឹងបញ្ហាទាំងនេះគណនី Facebook ឈ្មោះ Marry Ferjel Babasa ក៏បានបង្ហាញពីរបៀបធ្វើទឹកម្ទេសសម្រាប់បាញ់មុខពួកមនុស្សអាក្រក់ ដែលនារីៗអាចធ្វើវាដោយខ្លួនឯង និងមានភាពងាយស្រួលបំផុត។ ការធ្វើទឹកម្ទេសសម្រាប់បាញ់ដាក់ភ្នែក (pepper spray) គឺមានត្រឹមតែ ៣ដំណាក់កាល ងាយៗក្នុងការធ្វើដោយខ្លួនឯង។

១. អ្នកគ្រាន់តែមានដបបាញ់ទឹកទទេមួយ (spray) ដែលអាចទិញពីផ្សារ ឬសល់ពីគ្រឿងតុបតែងមុខចាស់ៗ។
២. ជ្រើសយកពូជម្ទេសដែលហឹរ (កាន់តែហឹរកាន់តែល្អ) ហាន់វាជាកង់ៗ។
៣. ដាក់ម្ទេសដែលហាន់រួចទាំងនោះចូលដបបាញ់ទឹក ហើយក្រលុកវាជាការស្រេច។

នារីៗគួរតែធ្វើវាដាក់តាមខ្លួន ចៀសវាងគ្មានអ្វីតបតនៅពេលជួបមនុស្សមិនល្អ។ វាជាវិធីមួយងាយស្រួលហើយចំណាយតិចទៀត ប៉ុន្តែពេលធ្វើហើយសូមកុំភ្លេចលាងដៃចេញផង ប្រយ័ត្នចូលភ្នែកខ្លួនឯង៕

អត្ថបទ៖ លីដា