អំពើចោរកម្មដូចជាចោរលួច ចោរឆក់ និងចោរប្លន់ យកទ្រព្យសម្បតិ្ត ករណីអសន្តិសុខ នៅតែបន្តកើតមានជាញឹកញាប់ ទាំងនៅក្នុង រាជធានីភ្នំពេញ និងបណ្ដាខេត្តនានាទូទាំងប្រទេស ទោះជាមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចយ៉ាងណាក្តី ប៉ុន្តែហាក់ដូចជាមិនទាន់ មានប្រសិទ្ធភាពនៅឡើយទេ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានករណី ជនឆក់ឱកាសបានធ្វើសកម្មភាពជិះម៉ូតូយកដុំថ្មគប់ ឬបាញ់ កញ្ចក់ឡាន នេះបើយោងតាមគណនីហ្វេសប៊ុក Long Bolin ដែលជាម្ចាស់ឡាន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅម្តុំថ្នល់ដាច់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ឆ្ពោះមកកាន់ខេត្តឧត្តរមានជ័យ។ ដោយសំណាងដែលហេតុការណ៍នេះមិនបានធ្វើឲ្យអ្នកធ្វើដំណើរក្នុងរថយន្តរងរបួស និងបាត់បង់ទ្រព្យសម្បត្តិអ្វីឡើយ ដោយគ្រាន់តែខូចខាតកញ្ចក់ឡានផ្នែកខាងក្រោយ។ ដោយម្ចាស់រថយន្តបានសរសេររៀបរាប់ថា​៖ “07/07/2019/សូមបងប្អូនធ្វើដំណើរពេលយប់គួរមានការប្រុងប្រយ័ត្នខ្ពស់អាចប៉ុនប៉ងប្លន់…រឺ…..ជួយស៊ែរ Share អោយបងប្អូនបានដឹងផង។ ហើយកុំឈប់រថយន្តអោយសោះនៅពេលជួបហេតុការណ៍ចឹងខ្លាចមានជនឆក់ឱកាស ចំណុចកើតហេតុ (នៅហួសផ្លូវចូលទៅស្ពានស្រែង នៅម្តុំថ្នល់ដាច់ ស្រុកក្រឡាញ់ ខេត្តសៀមរាប)ឆ្ពោះមកកាន់ខេត្តឧត្តរមានជ័យ Share ដើម្បីជូនជាដំណឹងតៗគ្នា សំណូមពរសមត្ថកិច្ចមើលអំពីភូមិឃុំមានសុវត្ថិភាពផង”៕