បងប្អូននៅចាំហេតុការណ៍ក្មេងៗ និងគ្រូបង្វឹកជាប់នៅក្នុងរូងភ្នំប្រទេសថៃបានដែរឬទេ? ជឿជាក់ថាគ្រប់គ្នាមុខជាចាំបានជាក់ជាមិនខាន ដោយហេតុការណ៍មួយនេះបានល្បីសុះសាយជុំវិញពិភពលោក ដោយបានប្រមូលអស់អ្នកជំនាញស្ម័គ្រចិត្តជាច្រើនទូទាំងពិភពលោកដើម្បីចុះជួយរុករកក្មេងៗទាំងនោះ។ ក្រោយពីការសង្គ្រោះបានជោគជ័យ ដោយគ្រប់គ្នាសុទ្ធតែនៅមានជីវិតរស់រួចមក ខាងក្រុមហ៊ុនផលិតខ្សែភាពយន្តរបស់ ហូលីវូដ ក៏បានប្រកាសថានឹងថតខ្សែភាពយន្តឯកសារមួយផងដែរ។

ខ្សែភាពយន្តដែលមានឈ្មោះថា The Cave-นางนอน គឺបានដឹកនាំដោយលោក Tom Waller ដែលផ្តិតយកនៅទីតាំងរូងភ្នំថាំលួង ដែលជាកន្លែងកើតហេតុផ្ទាល់តែម្តង។ ដោយសាច់រឿងនេះនិយាយពីហេតុការណ៍ពិតៗដែលបានកើតឡើង រួមទាំងមានការធ្វើប្រតិបត្តិការពីក្រុមសង្គ្រោះផងដែរ។ តាមរយៈអ្នកដឹកនាំបានឲ្យដឹងថាគាត់គ្រោងនឹងបញ្ចេញរឿងនេះនៅក្នុងខែកក្កដា ឆ្នាំ២០១៩ ដែលជាខែគម្រប់ខួបមួយឆ្នាំរបស់ហេតុការណ៍នេះ ប៉ុន្តែចំពោះថ្ងៃបញ្ចាំងពិតប្រាកដគេពុំទាន់បញ្ចេញនោះទេ រង់ចាំតាមដានបន្តទាំងអស់គ្នា៕