ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្តាញសង្គម ដោយបុរសជនជាតិចិនម្នាក់ត្រូវប៉ូលីសចាប់ផាកពិន័យ ១០០០ យ័ន ប្រមាណនឹង ១៤៥ ដុល្លារ ព្រោះតែបានជិះឡានប្រណាំង go-kart នៅលើដងផ្លូវសាធារណៈ ក្នុងទីក្រុងសៀងហៃ។ បុរសម្នាក់ដែលមានឈ្មោះថា Ye ត្រូវបានប៉ូលីសចរាចរណ៍ក្រុងសៀងហៃ ចាប់ឃាត់ខ្លួនផាកពិន័យកាលពីថ្ងៃទី២៣ ខែមិថុនា ព្រោះតែយក go-kart របស់ចៅប្រុសខ្លួនមកធ្វើជាយានជំនិះបើកបរលើផ្លូវសាធារណៈ។

មូលហេតុដែលបុរសនេះធ្វើបែបនេះត្រូវបានគេដឹងថា ខណៈពេលដែលគាត់កំពុងប្រឡែងលេងជាមួយចៅប្រុសអាយុ៦ឆ្នាំរបស់គាត់ ក៏ស្រាប់តែខាងក្រុមហ៊ុនខលមកថាមានការងារបន្ទាន់ ទើបគាត់សម្រេចចិត្តខ្ចីឡានប្រណាំង go-kart របស់ចៅប្រុសខ្លួនធ្វើដំណើរ។ ក្រោយវីដេអូបុរសម្នាក់នេះត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម ប៉ូលីសក៏បានបន្ថែមឲ្យដឹងពីបំរាមនៃការហាមប្រើប្រាស់យាន្តជំនិះផ្ទាល់ខ្លួនលើផ្លូវសាធារណៈដែលមានដូចជា Segways, E-Scooters, Hoverboard ឲ្យដឹងផងដែរ ដោយប្រភេទឧបករណ៍ទាំងនេះត្រូវបានបើកឲ្យប្រើប្រាស់នៅក្នុងផ្លូវលំតូចៗ ឬទីធ្លាមួយចំនួនតែប៉ុណ្ណោះ៕