ថ្មីនេះផ្ទុះហេតុការណ៍រន្ធត់មួយនៅឯប្រទេសថៃ ដោយក្មេងស្រីអាយុ៧ឆ្នាំពុំដឹងថាម្តាយស្លាប់ ទៅពឹងអ្នកជិតខាងឲ្យមកជួយព្រោះគិតថាម្តាយមិនស្រួលខ្លួនដាស់មិនភ្ញាក់។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ ក្រុមប៉ូលីសជាច្រើនបានមកចោមរោមព័ទ្ធផ្ទះកើតហេតុក្រោយទទួលពាក្យបណ្តឹងពីអ្នកជិតខាងផ្ទះថាស្ត្រីម្នាក់បានស្លាប់នៅក្នុងផ្ទះរបស់ខ្លួនដោយពុំដឹងមូលហេតុ។ អ្នកជិតខាងបានរាយការណ៍ឲ្យដឹងថា ព្រឹកនោះកូនស្រីរបស់សាកសពបានមកគោះទ្វាខ្លួនឲ្យជួយ ដោយប្រាប់ថា «ម្តាយមិនស្រួលខ្លួន ប៉ាមិននៅផ្ទះ! ខ្ញុំដាស់យ៉ាងម៉េចក៏មិនភ្ញាក់ មីងជួយមើលម៉ែខ្ញុំផង ខ្ញុំមិនដឹងធ្វើម៉េចទេ»។ រូបនាងក៏ស្រូតរត់មកកន្លែងកើតហេតុដោយស្ទាបឃើញខ្លួនម្តាយក្មេងស្រីអាយុ៧ឆ្នាំរូបនេះ ខ្លួនឡើងត្រជាក់ និងបានស្លាប់បាត់ទៅហើយ ទើបសម្រេចចិត្តរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកស៊ើបអង្កេត។

សាកសពស្ត្រីរូបនេះត្រូវបានគេស្គាល់ឈ្មោះថា រ៉ុងធីវ៉ា ស៊ុមធិ អាយុ៣៦ឆ្នាំ ជាម្ចាស់ផ្ទះស្លាប់ក្នុងបន្ទប់គេងដោយពុំមានស្លាកស្នាមអ្វីទាំងអស់។ នាងមានស្វាមីម្នាក់ឈ្មោះថា និរ័ន កាន់ផុង អាយុ ៥១ឆ្នាំ ប្រធានផ្នែករដ្ឋបាលក្នុងក្រុមហ៊ុនមួយ។ តាមរយៈអ្នកជិតខាងបានឲ្យដឹងថាប្តីប្រពន្ធមួយគូនេះស្រលាញ់គ្នាខ្លាំងណាស់ ដោយគេតែងឃើញពួកគេឱបប្រឡែងគ្នាជាញឹកញាប់ ហើយយប់ថ្ងៃកើតហេតុក៏ពុំមានឮសម្លេងឈ្លោះទាស់ទែងអ្វីដែរ។ ក្រោយមកប៉ូលីសក៏បានទាក់ទងទៅបុរសជាស្វាមីប៉ុន្តែ ទាក់ទងមិនបាននោះឡើយ ដោយគេបានរកឃើញខ្សែពួរ និងសំបុត្របណ្តាំមួយច្បាប់នៅក្បែរកន្លែងកើតហេតុ ដោយសរសេរប្រាប់ពីប្រាក់ និងទ្រព្យសម្បត្តិចែកញាតិព្រមទាំងកូនស្រី។ តាមការសន្និដ្ឋានរបស់ប៉ូលីសបានឲ្យដឹងថា បុរសជាប្តីអាចឃាតករសម្លាប់ប្រពន្ធខ្លួន ដោយរូបគាត់បានយកខ្នើយខ្ទប់ដង្ហើមនាងរហូតដាច់ខ្យល់ស្លាប់ ហើយក៏បម្រុងយកខ្សែរឹតកធ្វើជាសម្លាប់ខ្លួន ដោយមានសំបុត្របណ្តាំ តែដោយហេតុចិត្តមិនក្លាហានគ្រប់គ្រាន់ បុរសរូបនោះក៏ពុំបានធ្វើអ្វី ដោយរត់គេចខ្លួនទុកឲ្យប្រពន្ធគេងស្លាប់នៅលើគ្រែ៕