ដូចដែលបងប្អូនបានដឹងស្រាប់ហើយថា ក្រុមយុវជនសំរាម គឺជាក្រុមយុវជនស្ម័គ្រចិត្តជួយសង្គមដោយប្រមូលសំរាម និងសម្អាតបរិស្ថានផ្តើមចេញពីប្រឡាយទឹកស្អុយបឹងត្របែក។ អស់រយៈពេលជាច្រើនខែមកហើយដែលក្រុមមួយនេះនៅតែបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំ ទាំងដែលខ្លួនពុំទទួលបានអ្វីក៏ដោយ ប៉ុន្តែពួកគេមានគោលជំហរយ៉ាងរឹងមាំមួយគឺចង់ឲ្យប្រទេសជាតិស្អាតគ្មានសំរាម។ ដោយពេលនេះ ក្រុមយុវជនសំរាម បានដើរជួបឧបសគ្គដោយកំពុងខ្វះខាត និងត្រូវការជំនួយ។

ខណៈពេលដែលកំពុងជួបទុក្ខលំបាកបែបនេះ បងប្រុសចិត្តល្អម្នាក់ក៏បានឧបត្ថម្ភប្រាក់ជាច្រើនរហូតដល់ទៅ ១០,០០០$ ដល់ក្រុមយុវជនសំរាម។ តាមរយៈប្រភពទំព័រផ្លូវការរបស់យុវជនសំរាមបានសរសេរឲ្យដឹងថា «អរគុណហ៊ាដែលបានស្រលាញ់ យកចិត្តទុកដាក់ដល់ក្រុមយើងខ្ញុំ! ដោយឃើញថាក្រុមយុវជនយើងទទួលរងនៅសម្ពាធជាច្រើន ក្នុងការងារប្រមូលសំរាមនៅក្នុងប្រឡាយលូបឹងត្របែក រហូតមកដល់ថ្ងៃនេះ ហ៊ា Meng Leang ក៏បានប្រគល់លុយជូន ១០,០០០$(១មុឺនដុល្លា) ដើម្បីចាត់ចែងធ្វើលិខិតឆ្លងដែនដល់ក្រុមយុវជនយើងទាំងអស់គ្នា ដើម្បីទៅលេង ប្រទេសថៃ ក្នុងរយៈពេល ៧ថ្ងៃ។ ខ្ញុំនិង ក្រុមសូមអរគុណហ៊ាយ៉ាងជ្រាលជ្រៅ ដែលបានមើលឃើញដល់មនុស្សមួយក្រុមតូចនេះ ព្រមទាំងបារម្ភ និង យកចិត្តទុកដាក់ជាពិសេស។ ជូនពរហ៊ារកទទួលទានមានបាន !សម្រេចរាល់គ្រប់ភារកិច្ច ! សូមឱ្យគ្រប់វត្ថុស័ក្កសិទ្ធិតាមថែរក្សាហ៊ា ព្រមទាំងក្រុមគ្រួសារ។ សូមអរគុណ»៕