នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានធ្វើការឧបត្ថម្ភថវិកាចំនួន២០លានរៀល ឬស្មើនឹង៥ពាន់ដុល្លារ ដល់ក្រុមយុវជនសំរាមបឹងត្របែក សាន់ ដារ៉ាវីដ ដើម្បីរួមចំណែកថែរក្សា លើកកម្ពស់សោភណភាព និងកាត់បន្ថយ​ផលប៉ះពាល់បរិស្ថាន នៅរាជធានីភ្នំពេញ។ លោកឧកញ៉ា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏បានផ្តល់ការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃផងដែរ ដល់ក្រុមការងារយុវជនសំរាម ដែលត្រូវការមកព្យាបាលជំងឺបឋម នៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច របស់ក្រុមហ៊ុន។

លោកឧកញ៉ា ក៏នឹងផ្តល់ជាសម្ភារមួយចំនួនដូចជាឧបករណ៍ឆុងកាហ្វេបែបទំនើបមកពីអាមេរិក តុកៅអីដល់ក្រុមយុវជន ដែលពួកគេមានបំណងបើកហាងកាហ្វេបរិស្ថាននៅភ្នំពេញ។ តាមការគ្រោងទុក លោកឧកញ៉ា វេជ្ជបណ្ឌិត ក៏កំពុងឱ្យក្រុមការងារសិក្សាផងដែរ ទៅលើសុខភាពកុមារ ដែលរស់នៅអមសងខាងប្រឡាយទឹកស្អុយបឹងត្របែក ដើម្បីផ្តល់លទ្ធភាពឱ្យពួកគេអាចមកពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលសុខភាពសិស្ស របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន៕