ជាធម្មតាយើងតែងធ្លាប់បានឃើញពីសិល្បៈបង្ហាញម៉ូដ ដែលមានតារាក្មេងៗប្រុសស្រីរូបសម្រស់ស្រស់ស្អាត ជាពិសេសគឺមានដុងសិល្បៈដោយមានតាំងពីកុមារតូចៗដល់មនុស្សវ័យជំទង់។ ដោយឡែកលើកនេះធានាថាអ្នកនឹងប្លែកភ្នែកតែម្តង ជាមួយតារាបង្ហាញម៉ូដវ័យ ៧៧ ឆ្នាំ របស់កូរ៉េ ដែលជាតារាបង្ហាញម៉ូដមានអាយុច្រើនបំផុតប្រចាំវិស័យមួយនេះ។ អ្នកស្រី Choi Soon Hwa គឺត្រូវបានគេស្គាល់ថាជាអតីតអ្នកធ្វើការមើលថែទាំក្នុងមន្ទីរពេទ្យ ដែលជាមនុស្សម្នាក់ធ្លាប់ធ្វើការរយៈពេល២០ម៉ោងក្នុងមួយថ្ងៃ។ ដោយឡែកពេលនេះអ្នកស្រីមានវ័យ៧៧ឆ្នាំ បានសម្រេចចិត្តផ្លាស់ប្តូរអាជីពដោយឈប់ពីការងារមកធ្វើជាតារាបង្ហាញម៉ូដ ដោយអ្នកស្រីបានហៅការងារនេះថា “អភូតហេតុ”។ អ្នកស្រី Choi Soon Hwa បានប្រាប់ឲ្យដឹងថា អ្នកស្រីទទួលបានការងារនេះដោយសារមានពេលចៃដន្យមួយនោះអ្នកស្រីបានឃើញគេផ្សព្វផ្សាយជ្រើសរើសតារាបង្ហាញម៉ូដវ័យកណ្តាលនៅលើកញ្ចក់ទូរទស្សន៍ អ្នកស្រីក៏សម្រេចចិត្តដាក់ពាក្យសាកល្បង។ អ្នកស្រីត្រូវបានអ្នកច្នៃម៉ូដសម្លៀកបំពាក់ Kim Hee Jin ដែលមានអាយុ ៣២ឆ្នាំ ទាក់ទងឲ្យក្លាយជាតារាបង្ហាញម៉ូដ ព្រោះតែការមើលឃើញពីទេពកោសល្យរបស់គាត់។

អ្នកច្នៃម៉ូដ Kim បន្ថែមថា អ្នកស្រី Choi មានលក្ខណៈពិសេសម្យ៉ាងដែលខុសប្លែកពីអ្នកដទៃដែលមានវ័យស្របាលគាត់ ជាពិសេសគឺគាត់ជាមនុស្សម្នាក់ដែលមានសមត្ថភាព និងការតាំងចិត្តខ្ពស់ ដែលជាហេតុធ្វើឲ្យខ្ញុំគិតថាការតាំងចិត្តរបស់គាត់និងទទួលបានជោគជ័យ។ មិនខុសពីការរំពឹងទុក ក្រោយពេលអ្នកស្រីបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី Seoul Fashion Week​ កាលពីឆ្នាំមុន អ្នកស្រីត្រូវបានមហាជនចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង។ អ្នកស្រី Choi Soon Hwa គឺជាមនុស្សស្រីម្នាក់ដែលជួបរឿងជូរចត់ក្នុងជីវិតវ័យជំទង់ ដោយអ្នកស្រីត្រូវបានស្វាមីបោះបង់ចោល និងត្រូវបង្ខំចិត្តធ្វើជាម្តាយផង ឪពុកផងចិញ្ចឹមកូនពីរនាក់ខណៈពេលដែលអ្នកស្រីគ្មានការងារធ្វើ។ អ្នកស្រីបន្ថែមថា «កាលពីអ្នកស្រីនៅក្មេង ត្រូវមើលថែចិញ្ចឹមកូន ខោអាវមួយឈុតអ្នកស្រីប្រើវាបានដល់ទៅ២០ឆ្នាំ»។ ពេលនេះអ្នកស្រីសប្បាយចិត្តជាខ្លាំងដោយអ្នកស្រីមានជីវិតជោគជ័យ ថែមទាំងបានសាកល្បងមេរៀនជីវិតថ្មីៗ ជាពិសេសអ្នកស្រីអាចលេងស្តាយសម្លៀកបំពាក់ជាច្រើនម៉ូដ ដែលច្នៃដោយអ្នកច្នៃម៉ូដល្បីៗ៕