បណ្ណាការគឺជាជំនូនដែលគ្រួសារឪពុកម្ដាយខាងប្រុសជូនទៅខាងស្រី ហើយខ្មែរយើងនិយមប្រើពាក្យថា«ថ្លៃទឹកដោះ»។ ជាការពិតណាស់នៅពេលនិយាយពីថ្លៃទឹកដោះ គឺនឹកឃើញដល់មាស ប្រាក់ ដែលជារបស់មានតម្លៃ ប៉ុន្តែថ្មីៗនេះក៏មានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ដោយគូស្នេហ៍ជនជាតិម៉ាឡេស៊ីមួយគូនេះបានយកមាន់បំពងធ្វើជាបណ្ណាការ។

ដោយនាងAyu ជាកូនក្រមុំបានធ្វើការស្នើសុំខាងប្រុសជាកូនកម្លោះឲ្យយកមាន់បំពងធ្វើជាបណ្ណាការ ជាការពិតបណ្ណាការបែបនេះធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមសម្តែងការភ្ញាក់ផ្អើលហើយរឿងរ៉ាវនេះត្រូវបានចែករំលែកនៅលើបណ្តាញសង្គមរាប់ម៉ឺនដងឯណោះ។ នាង Ayu បាននិយាយថាគូដណ្តឹងរបស់នាងដំបូងមិនដឹងថាត្រូវបញ្ជូនអ្វីសម្រាប់ធ្វើជាបណ្ណាការ តែដោយសារតែនាងចូលចិត្តមាន់បំពង នាងក៏បានឲ្យគូស្នេហ៍ទិញមាន់បំពងមកធ្វើជាបណ្ណាការ។

លុះពេលមកដល់ថ្ងៃចូលស្តីកូនកម្លោះពិតជាបានទិញមាន់បំពងមកធ្វើជាបណ្ណាការ នាងមានការភ្ញាក់ផ្អើលនិងមិននឹកស្មានថាកូនកម្លោះទិញមាន់បំពងមកពិតមែន។ តែសោកស្តាយទម្រាំចប់ពិធីមាន់បំពងក៏ត្រជាក់ ទោះជាយ៉ាងណាមាន់បំពងដែលយកមកធ្វើជាបណ្ណាការនេះក៏ត្រូវបានចែកជូនភ្ញៀវដែលបានមកចូលរួមផងដែរ៕