ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមពីផ្សារបណ្តែតទឹកទើបបង្កើតថ្មីនៅឯ ខេត្តសុផាន់បុរី ប្រទេសថៃ។ សម្រាប់អ្នកដែលចូលចិត្តដើរលំហែកម្សាន្តនាថ្ងៃចុងសប្តាហ៍ រីករាយជាមួយខ្យល់អាកាសបរិសុទ្ធរួមជាមួយគ្រឿងបរិភោគបែបជនបទៗដែលមានតម្លៃសមរម្យមុខជាមិនខុសបំណងនោះឡើយ ដោយពេលនេះប្រទេសថៃបានណែនាំផ្សាបណ្តែតទឹកថ្មីរបស់ខ្លួនមានឈ្មោះថា ផ្សារបណ្តែតទឹកស្ពានខង (SAPAN KHONG FLOATING MARKET)។

លក្ខណៈពិសេសនៃកន្លែងកម្សាន្តថ្មីមួយនេះគឺគំនិតច្នៃប្រឌិតថ្មី ដោយផ្សារបណ្តែតទឹកនេះបានធ្វើស្ពានឬស្សីមានដំបូលប្រក់ស្បូវសម្រាប់ឲ្យអ្នកធ្វើដំណើរឆ្លងកាត់ ដើរទិញម្ហូបអាហារឆ្ងាញ់ៗដែលលក់ដោយអ្នកស្រុកភូមិក្នុងសហគមន៍ជិះទូកមកចតតាមសងខាងស្ពានបង្កើតជាផ្សារម្ហូបអាហារ ផ្នែកម្ខាងជាបឹងឈូកស្រស់ស្អាត និងផ្នែកម្ខាងទៀតជាចម្ការបន្លែដាំបណ្តែតទឹក អមដោយកន្លែងសម្រាកលំហែជាមួយខ្យល់អាកាសបរិសុទ្ធ។ លើសពីនេះអ្នកនឹងបានឃើញរូបសំណាក់អង្រុតយក្ស ជាមួយនិងទ្រូ ដែលធ្វើចេញពីដើមឬស្សីសុទ្ធសាធ តំណាងដល់មុខរបរនេសាទដែលប្រជាជនប្រចាំតំបន់នេះរកទទួលចិញ្ចឹមជីវិត។ ក្រៅពីដើរផ្សារញ៉ាំអាហារឆ្ងាញ់ៗអ្នកក៏អាចផ្តិតយករូបភាពស្អាតៗ ឬជិះទូកលំហែកម្សាន្តផងដែរ តែបញ្ជាក់ឲ្យដឹងណាថាផ្សារបណ្តែតទឹកនេះគឺបើកចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៦ល្ងាចតែប៉ុណ្ណោះ ដោយទីតាំងគឺស្ថិតនៅស្រុកសងភីណង ខេត្តសុផាន់បុរីប្រទេសថៃ៕