កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ ស្រ្តីម្នាក់បានបាត់បង់ជីវិត ដោយមែកឈើធ្លាក់ពីលើ ខណៈពេលកំពុងដើរផ្សារណាត់ដួងកុត នៅឯប្រទេសថៃ។ ស្ត្រីម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា អ៊ុប៊ុន​ អ៊ិនថាណាន់ អាយុ ៣០ឆ្នាំ បានដួលសន្លប់ដោយមានរបួសហូរឈាមតាមច្រមុះ និងមាត់ ព្រោះតែត្រូវមែករបស់ដើមកៅស៊ូធ្លាក់សង្កត់ពីលើមួយទំហឹង ខណៈពេលដែលនាងកំពុងដើរផ្សារណាស់ ដែលស្ថិតនៅក្នុងស្រុកថាវាត់បុរី ខេត្តរយអេត ប្រទេសថៃ។

តាមការត្រួតពិនិត្យរបស់ប៉ូលីសបានឲ្យដឹងថា មែកឈើដែលធ្លាក់សង្កត់ត្រូវនារីរងគ្រោះគឺជាមែករបស់ដើមកៅស៊ូមានប្រវែងប្រមាណ៥ម៉ែត្រ ជ្រុះចេញពីដើមដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ ដោយធ្លាក់មកពីលើកម្ពស់ជាង២០ម៉ែត្រ នៅក្នុងទីតាំងផ្សារនេះ។ អ្នកលក់ និងប្រជាជនដែលស្ថិតក្នុងហេតុការណ៍នេះបានបន្ថែមថាគេឃើញស្ត្រីរងគ្រោះខាងលើ ដើរផ្សារទិញឥវ៉ាន់ដូចភ្ញៀវដទៃទៀត។ ស្រាប់តែមកដល់ចំណុចកើតហេតុគេឮសម្លេងអ្វីម្យ៉ាងធ្លាក់មកលើដីមួយទំហឹង ដោយបានប្រទះឃើញមែកឈើធ្លាក់សង្កត់ពីលើស្ត្រីម្នាក់នោះ បណ្តាលឲ្យសន្លប់ដោយមានឈាមហូរតាមច្រមុះ និងមាត់។ បងប្អូននៅទីនោះក៏បានធ្វើការជួយសង្គ្រោះបឋម ព្រមទាំងខលហៅរថយន្តជំនួយតែគួរឲ្យសោកស្តាយ នាងបានបាត់បង់ជីវិតខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ូលីសក៏ធ្វើការកត់កំណត់ហេតុ មុនពេលបញ្ជូនសាកសពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕