ខណៈដែលមុខរបរ​ធាក់ស៊ីក្លូមួយ​នេះកំពុងតែប្រឈមមុខនឹងការបាត់បង់ ដោយ​ពុំ​សូវ​មានមហាជនជិះ​ដូច​ពី​ពេលមុន​ ​ហើយអ្នកធាក់ស៊ីក្លូភាគច្រើនជាមនុស្សវ័យចំណាស់​ សព្វថ្ងៃ​រកបាន​គ្រាន់​តែមួយ​ចម្អែត​ក្រពះ ខ្លះរកភ្ញៀវជិះស្ទើរតែគ្មាន ហើយអ្នកប្រកបរបរនេះតែងតែខ្វះខាត ងូតទឹក ពិសារអាហារ និងសម្រាកតែនៅសំយ៉ាបផ្ទះគេ។

ដោយមើលឃើញការលំបាកនិងមានចិត្តអាណិតអាសូរ អតីតតារាចម្រៀង អេនជី បានធ្វើការស្វែងរកមូលនិធិដើម្បីជួយដល់លោកវ័យ៨០ឆ្នាំម្នាក់ដែលមានមុខរបរជួលស៊ីក្លូគេធាក់ មានជំងឺប្រចាំកាយជាយូរណាស់មកហើយ ជាពិសេសលោកតាក៏ប្រាថ្នាចង់បានស៊ីក្លូមួយជាកម្មសិទ្ធិផ្ទាល់ខ្លួន។ បន្ទាប់ពីស្វែងរកជំនួយពីសប្បុរសជនបានហើយ អែនជី ក៏បានប្រគល់ថវិកា និងគ្រឿងបរិភោគដល់លោកតាគ្រាន់សម្រួលជីវភាពមួយរយៈនិងអាចបញ្ជូនលោកយាយទៅព្យាបាលនៅមន្ទីរពេទ្យមួយរយៈ ដោយ អតីតតារាចម្រៀង អេនជី បានសរសេររៀបរាប់ថា៖

“លោកតាញញឹមស្រស់ណាស់ លោកតាមានប្រសាសន៍ថាលោកតាមិនដែលស្គាល់លុយច្រេីនយ៉ាងនេះទេ នេះជាលេីកទី១ហេីយ លោកតាមានប្រសាសន៍បន្តទៀតថាអរគុណណាស់ចៅដែលបានជួយលោកតានិងអរគុណដល់សប្បុរសជនទាំងអស់ដែលមានចិត្តមេត្តាធម៌ជួយដល់លោកតា ពេលនេះលោកតាអាចមានលទ្ធភាពដើម្បីបញ្ជូនលោកយាយទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺដែលឈឺប្រចាំកាយយូរណាស់មកហេីយ។ ទោះការងាររវល់យ៉ាងណាក៏ដោយក៏នាងខ្ញុំនៅតែបន្តឆ្លៀតពេលវេលាខ្លួនឯងដើម្បីជួយដល់បងប្អូនខ្មែរទាំងអស់ដែលខ្វះខាតតាមលទ្ធភាពដែលនាងខ្ញុំអាចធ្វើបាននាងខ្ញុំនឹងបន្តធ្វើការងារសប្បុរសធម៌នេះជារៀងរហូត រីករាយក្នុងចិត្តខ្លាំងណាស់ព្រោះអាចកែប្រែទឹកមុខដ៏ក្រៀមក្រំរបស់លោកតាមកជាទឹកមុខញញឹមយ៉ាងស្រស់ស្រាយវិញបាន”៕