បងប្អូននៅចាំតារាកំប្លែងជើងចាស់លោកតា ហ្វុយហ្ស៊ូ បានដែរឬទេ? កាលពីថ្មីៗនេះលោកតាបានធ្វើឲ្យក្រុមគ្រួសារព្រួយបារម្ភជាខ្លាំង ដោយកើតមានជម្ងឺវង្វេងបាត់ខ្លួនពីផ្ទះជាច្រើនថ្ងៃ។ ក្រោយមកលោកតាក៏បានត្រូវក្រុមគ្រួសាររកឃើញ និងមើលថែទាំងយ៉ាងយកចិត្តទុកដាក់។ ពេលនេះទទួលបានដំណឹងថាលោកតា ហ្វុយហ្ស៊ូ បានធ្វើដំណើរទៅព្យាបាលនៅឯប្រទេសថៃ ដោយសមាគមសិល្បករខ្មែរក៏បានចូលរួមឧបត្ថម្ភថវិកាជំនួយដល់ការព្យាបាលរបស់លោកតាផងដែរ។

តាមរយៈប្រភពគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានឲ្យដឹងថា៖ «សមាគមសិល្បករខ្មែរ បានជូនថវិកាមូលនិធិសិល្បករចាស់ជរា ដល់សិល្បករលោកតា ហ្វុយ ហ៊្សូ ជាតារាកំប្លែង ក្នុងការជួយសម្រួលថ្លៃធ្វើដំណើរទៅព្យាបាលនៅប្រទេសថៃ។ សមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ “មូលនិធិសិល្បករចាស់ជរា” ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា»៕