ដូចដែលបងប្អូនមួយចំនួនធំបានដឹងស្រាប់ហើយថា តារាវីដេអូសាកចិត្តលោក តាន់ គឹមសួរ បានប្រកាសធ្វើកម្មវិធីដាំកូនឈើ១០ម៉ឺនដើមដើម្បីព្យាបាលដំបៅផែនដី។ កម្មវិធីមួយនេះហាក់ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ជាខ្លាំង ជាពិសេសពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលស្រលាញ់រុក្ខជាតិបៃតង និងសិល្បករ សិល្បការិនីខ្មែរ។ យើងសង្កេតឃើញថាតារាប្រុសស្រីល្បីឈ្មោះជាច្រើននាក់បានរួមគ្នាយ៉ាងសស្រាក់សស្រាំដើររៃអង្គាសថវិកា និងលក់សម្ភារៈអនុស្សាវរីយ៍ដើម្បីយកប្រាក់ទាំងនោះមកទិញកូនឈើ និងរៀបចំកម្មវិធីមួយនេះ ដោយមានដូចជាអ្នកស្រី ម៉ម សុម៉ាលី, សូ ដានីតា, សុភក្ត្រ កុសុម៉ា, ប៉ែន ចំរ៉ុង, ពែកមី, ឱក សុគន្ធកញ្ញា និងតារាប្រុសស្រីល្បីឈ្មោះជាច្រើននាក់ទៀត។

ពេលនេះកម្មវិធីព្យាបាលដំបៅផែនដីបានចេញប្រកាសតារាងពេលវេលា និងទីតាំងជាមួយតម្លៃនៃការចូលរួមជាផ្លូវការហើយ។ ដោយលោកអ្នកដែលចង់ចូលរួមគឺត្រូវចំណាយទៅលើថ្លៃសំបុត្រ២០ដុល្លារ ដោយអ្នកនឹងទទួលបានការធ្វើដំណើរទៅមក អាហារចំនួនពីរពេល អាវយឺតអ្នកប្រយុទ្ធបៃតងមួយ និងកូនឈើមួយដើម ដោយទីតាំងនៃការដាំកូនឈើនេះគឺនៅភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលនឹងធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។ អ្នកក៏អាចចុះឈ្មោះអនឡាញតាមរយៈ៖ https://forms.gle/SW9EXgYpYrbxLMEe8 ឬក៏ខលទំនាក់ទំនងក្រុមការងារអ្នកប្រយុទ្ធបៃតងរបស់លោក តាន់ គឹមសួរ តាមរយៈលេខទូរស័ព្ទ ០៩៦​ ៥៩ ៤៧ ៥៨៣។ សង្ឃឹមថាបងប្អូននឹងចូលរួមជាមួយពួកគាត់ទាំងអស់គ្នាដើម្បីព្យាបាលដំបៅផែនដីយើង៕