កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ដោយស្ត្រីម្នាក់បានប្រកាសលុបចោលថ្ងៃអាពាហ៍ពិពាហ៍ព្រោះតែបុរសជាគូស្នេហ៍បានបាត់បង់ជីវិតខណៈពេលហ្វឹកហាត់លោតឆ័ត្រយោង។ កាលពីប៉ុន្មានសប្តាហ៍ទៅមុនមានករណីគ្រោះថ្នាក់មួយកើតឡើងនៅអគ្គបញ្ជាការកងទ័ពខេត្ត លុបបុរី ដោយបុរសម្នាក់មានឈ្មោះថា វ៉ាសនផុង ចាន់ធុនឆាត អាយុ២៩ឆ្នាំ បានស្លាប់បាត់បង់ជីវិត ព្រោះតែឆ័ត្ររបស់គេមិនរលាស់ឡើងខណៈពេលកំពុងហ្វឹកហាត់លោតឆ័ត្រយោង បណ្តាលឲ្យគេធ្លាក់ពីលើអាកាសកម្ពស់ ៨០០០ ហ្វីត។ ក្រោយករណីនេះបានកើតឡើងលោកឧត្តមសេនីយ៍ អភិរ៉ាត់ ឃុងស៊ុមផូង មេបញ្ជាការកងទ័ពបានសម្តែងការសោកស្តាយ និងរំលែកទុក្ខជាខ្លាំងដល់ក្រុមគ្រួសារសព្វ។

រហូតដល់ថ្ងៃទី១៥ ខែកក្កដា ម្សិលមិញនេះរឿងហេតុការណ៍មួយនេះត្រូវបានរំលឹកឡើងមកជាថ្មីក្រោយពេលនារីជាគូស្នេហ៍របស់បុរសម្នាក់នោះបានបង្ហោះប្រកាសសុំអធ្យាស្រ័យ និងលុបចោលថ្ងៃរៀបការ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃខាងមុខនេះ។ មហាជនព្រមទាំងមិត្តភក្តិជាច្រើនរបស់នាងបានចូលរួមសម្តែងការសោកស្តាយ និងសង្ឃឹមថានារីរូបនេះនឹងរឹងមាំឡើង។ យ៉ាងណាមិញចំពោះរូបនាងគឺសុំពុំធ្វើការបកស្រាយអ្វីបន្ថែមទាំងអស់ ព្រោះនាងកំពុងស្ថិតនៅក្នុងស្ថានភាពអារម្មណ៍មិនប្រក្រតីនៅឡើយ៕