កាលពីថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមពីករណីអ្នកបើកតាកស៊ីរោគចិត្តលួចថតរូបភ្ញៀវស្រីខណៈពេលដែលពួកគេភ្លេចខ្លួន ដែលបង្កការខឹងសម្បារជាខ្លាំងដល់មហាជន។ ពេលនេះអ្នកបើកតាក់ស៊ីរូបនេះត្រូវបានប៉ូលីសឃាត់ខ្លួនធ្វើការណែនាំ និងពិន័យជាទឹកប្រាក់ចំនួន៣០០០បាត ហើយរូបគេក៏បានថ្លែងសុំទោសជាសាធារណៈ និងសន្យាថាមិនធ្វើបែបនោះទៀតទេ។

អ្នករត់តាក់ស៊ីរហ័សរបស់ប្រទេសថៃដែលត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណបានឈ្មោះថា បារមី ថងខៈនេស ជាម្ចាស់រថយន្តពាក់ស្លាកលេខ ทห 5642 ក្រុងថេបមហានគរ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គម ដោយរូបគេបានលួចថតរូបភ្ញៀវស្រីបង្ហោះចូលក្នុងបណ្តាញសង្គម។ ក្រោយពេលដែលបានឃើញព័ត៌មាននេះប៉ូលីសក៏បានហៅបុរសរូបនោះមកជួបណែនាំ ដោយបានពិន័យរូបគេជាទឹកប្រាក់ចំនួន៣០០០បាតទៅតាមច្បាប់បើកបររបស់អ្នករត់តាក់ស៊ី ដែលក្នុងការពិន័យនោះគឺចែកចេញជា៣ផ្នែក៖ ទី១ គឺការស្លៀកពាក់ពុំសមរម្យជាអ្នករថតាក់ស៊ី ពិន័យចំនួន១០០០បាត។ ទី២ សម្តែងអាកប្បកិរិយាមិនសមរម្យពេលកំពុងបំពេញការងារ និងថតរូបបង្ហោះលើបណ្តាញសង្គមពិន័យចំនួន ១០០០បាត និងចុងក្រោយគឺធ្វើការកែច្នៃរថយន្តពុំត្រឹមត្រូវតាមការកំណត់ពិន័យចំនួន ១០០០បាត។ លើសពីនេះអ្នករត់តាក់ស៊ីរូបនេះក៏បានហាមឃាត់ខ្លួនចំនួន៣ម៉ោង ដើម្បីធ្វើការសិក្សាពីច្បាប់ និងស្តាប់ការណែនាំរបស់ប៉ូលីស៕