ដូចដែលយើងដឹងស្រាប់ហើយថាប្រទេសថៃជាប្រទេសមួយដែលកាន់ព្រះពុទ្ធសាសនា ដោយប្រកាន់ភ្ជាប់នូវប្រពៃណីដែលមានអាយុយូរលង់ដូចជាប្រទេសកម្ពុជាយើងដែរ។ ជាក់ស្តែងដល់រដូវកាលចូលវស្សា ប្រទេសថៃក៏មានការរៀបចំពិធីហែទៀនវស្សា និងពិធីបុណ្យតាំងពិពណ៌ផ្សេងៗដែលផ្សព្វផ្សាយពីទំនៀមទម្លាប់ និងបង្កើនការយល់ដឹងពីប្រវត្តិសាស្ត្រឲ្យក្មេងៗជំនាន់ក្រោយ រួមទាំងភ្ញៀវទេសចរណ៍បានដឹង និងបានស្គាល់។

ស្របពេលដែលបុណ្យចូលវស្សាឈានចូលមកដល់ ប្រជាពលរដ្ឋថៃតាមខេត្តនីមួយៗបានរៀបចំពិធីហែទៀនវស្សាចូលវត្តយ៉ាងគគ្រឹកគគ្រេង ដោយឆ្នាំនេះគ្រប់ខេត្តទាំងអស់គឺបានកំណត់យកថ្ងៃទី១៦ និង១៧កក្កដា ដើម្បរៀបចំពិធីបុណ្យហែទៀនវស្សានេះ។ លក្ខណៈពិសេសនៃពិធីបុណ្យហែទៀនវស្សាឆ្នាំនេះ គឺការច្នៃប្រឌិតរូបរាងថ្មីនៃទៀនវស្សា ដោយមានការឆ្លាក់ចេញជារូបចម្លាក់ផ្សេងៗស្រស់ស្អាតគ្នា ជាពិសេសគឺការសម្រិតសម្រាំងដោយធ្វើចេញពីដៃពិតៗ។ ដោយគម្រូរូបទៀនទាំងនោះមានដូចជារូបព្រះបដិមា រូបគ្រុឌ រូបប្រាសាទ រូបកិន្នរី រូបដើមឈើ រូបសត្វ និងរូបជាច្រើនទៀត ដែលទាក់ទាញជាខ្លាំង៕