ជាការពិតរមណីយដ្ឋានអង្គរ ជាទីកន្លែងដែលប្រជាជនខ្មែរតែងតែធ្វើការគោរពបូជា ប្រតិបត្តិនូវជំនឿសាសនាជាទីសក្ការៈខ្ពង់ខ្ពស់បំផុតរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ ប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរ គឺត្រូវបានអ្នកប្រវត្តិវិទូ និងបុរាណវិទូ ចាត់ទុកថាតំណាងឱ្យចក្រវាឡ។ ជាពិសេសគ្រប់ផ្នែកទាំងអស់នៃប្រាសាទអង្គរ ដូចជាប្រាង្គប្រាសាទ កសិន្ធុទឹក ទីធ្លាជុំវិញ សុទ្ធតែជាទីសក្ការៈបូជា ហើយប្រជាជនកម្ពុជាតែងតែមានមោទកភាពចំពោះប្រាង្គប្រាសាទបុរាណខ្មែរ។ ជាពិសេសប្រាសាទអង្គរវត្តគឺសក្ខីភាពមួយដែលបញ្ជាក់លើករណីនេះ ដោយកំណើននៃភ្ញៀវទេសចរឥតថមថយ និងមានតែកើនឡើងនូវចំនួនអ្នកចូលទស្សនា។

ប៉ុន្តែបច្ចុប្បន្ននេះ បែរជាបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ពុំបានផ្តល់គុណតម្លៃប្រាសាទអង្គរដូចតាមការលើកឡើង ដោយនាំគ្នាអង្គុយនៅលើវាលស្មៅ លើថ្មច្រាំងកសិន្ធុប្រាសាទអង្គរវត្ត លើខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹង បើកឧបករណ៍បំពងសំឡេងកម្សាន្តសប្បាយខ្លាំងៗ។ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះថែមទាំងមានសម្រាមដែលសេសសល់ពីការផឹកស៊ីរបស់បងប្អូនមួយចំនួន សឹងតែធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់បាត់បង់ជាបណ្តើរៗនូវភាពអច្ឆរិយៈ ភាពជាទីកន្លែងសក្ការៈបូជារបស់ប្រាសាទអង្គរ ហើយក៏ធ្វើឱ្យភ្ញៀវទេសចរបរទេសបាត់បង់នូវជំនឿមកលើទឹកដីដ៏អស្ចារ្យមួយនេះ ដូចដែលគេស្រមៃមុនពេលមកទស្សនា។

ក្នុងនោះផងដែរ អាជ្ញាធរជាតិអប្សរា ក៏បានសំណូមពរឲ្យបងប្អូនជនរួមជាតិលើកតម្លៃ និងថែរក្សាបរិស្ថានប្រាសាទអង្គរ តាមរយៈសកម្មភាពដោយប្រយោល ដោយមិនពិសារអាហារ សេពគ្រឿងស្រវឹងនៅលើវាលស្មៅ និងមិនបោះសំរាមចោលផ្តេសផ្តាសជុំវិញបរិវេណប្រាសាទអង្គរ មិននាំយកឧបករណ៍បំពងសម្លេងបើកតម្លង់ពេញ ប្រាសាទអង្គរ។ អាជ្ញាធរជាតិអប្សរា ក៏បានបន្តថា សូមបងប្អូនមេត្តាបញ្ឈប់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃនៃរមណីយដ្ឋានអង្គរ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា