វដ្តជីវិតមនុស្សគឺកើតចាស់ឈឹស្លាប់ ដោយពុំមាននរណាម្នាក់អាចគេចផុតបាន។ ពេលដែលអ្នកជួបរឿងជោគជ័យអ្នកក៏សើចបង្ហាញក្តីរីករាយ ពេលដែលអ្នកពិបាកចិត្តអ្នកក៏ថ្ងួចថ្ងូរបង្ហូរទឹកភ្នែក។ តើមានអ្វីដែលគួរឲ្យសោកសៅជាងនេះទៅទៀតទៅ ខណៈពេលអ្នកម្តាយជាទីស្រលាញ់ដែលយើងតែងជួបមុខរាល់ថ្ងៃ ឮពាក្យស្តីបន្ទោស បែរជាមានថ្ងៃមួយគាត់ត្រូវមកគេងស្តូកស្តឹងក្នុងប្រអប់ឈើបួនជ្រុង ទាំងដែលសន្យារវាងអ្នកនឹងគាត់ពុំទាន់បានបំពេញរួចរាល់អស់ផងនោះ?

កាលពីថ្ងៃទី១៤ ខែកក្កដានេះ គណនីហ្វេសប៊ុកមួយបានធ្វើឲ្យមនុស្សជាច្រើននាក់រំជួលចិត្តជាខ្លាំង ដោយនារីម្នាក់នោះបានផុសឲ្យដឹងថាម្តាយនាងបានស្លាប់៣៣ថ្ងៃមុនពេលដែលរូបនាងត្រូវអបអរសាទរការបញ្ចប់ការសិក្សា។ នារីម្នាក់នោះបានសរសេររៀបរាប់ថា៖ «រូបថតជុំគ្រួសារអបអរសាទរការបញ្ចប់សិក្សារយៈពេល៣៣ថ្ងៃមុន!!! ម៉ែធ្លាប់និយាយមុននេះថា នៅថ្ងៃបញ្ចប់សិក្សារបស់កូន ពួកយើងទាំងអស់គ្នានឹងនាំគ្នាស្លៀកឈុតពណ៌ខៀវថតរូបដើម្បីឲ្យមើលទៅឃើញស្រស់ស្អាត។ ថ្ងៃនេះប៉ា និងប្អូនប្រុសបានពាក់អាវពណ៌ខៀវរបស់ពួកគេ ដោយប្អូនប្រុសបានខ្ចីអាវពីប៉ា ហាហា។ កូនជ្រើសយកអាវពណ៌ខៀវមួយនេះឲ្យម៉ែ ព្រោះតែកូនគិតថាម៉ែនឹងមើលទៅស្រស់ស្អាត គឺថាស្រស់ស្អាតជាងកូនទៅទៀត ទោះបីជាពិធីអបអរសាទរការបញ្ចប់សិក្សារបស់កូនមិនទាន់មកដល់ក៏ពិតមែន តែយើងនឹងធ្វើវានៅពេលឥឡូវនេះដរាបណាវាមិនខុសច្បាប់ណាមួយ។ ម៉ែ! កូនស្រីសំណព្វចិត្តម៉ែ បានបញ្ចប់ការសិក្សារយៈពេល៣៣ថ្ងៃមុនហើយ»។

សាររបស់នាងបានធ្វើឲ្យមនុស្សជាច្រើននាក់ក្នុងបណ្តាញសង្គមរំជួលចិត្តជាខ្លាំង និងសម្តែងការសោកស្តាយ។ យ៉ាងណាមិញសង្ឃឹមថាគ្រប់គ្នានឹងអាចមើលថែអ្នកមានគុណរបស់អ្នកបានយ៉ាងល្អខណៈពេលដែលពួកគាត់អាចនៅនិយាយ និងសម្លឹងរកអ្នក កុំឲ្យពេលវេលាកន្លងផុតទៅដោយការស្តាយក្រោយឲ្យសោះ៕