មហាជនច្បាស់ជាស្គាល់ច្បាស់ថា លោកឧញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុនកាណូតលឿន ជី.ធី.វី.ស៊ី ស្ពីដបូត តែងតែធ្វើនូវអំពើសប្បុរសធម៌ជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតទីទាល់ក្រ ជាហេតុធ្វើឲ្យលោកទទួលបានការគោរពស្រលាញ់ខ្លាំងពីមហាជន។ យ៉ាងណាមិញក្រោយពីបានដឹងពីព័ត៌មានគ្រួសារក្រីក្រមួយនៅកំពង់ធំ ដោយលោកអ៊ុំជាមេគ្រួសារពិការភ្នែកទាំងសងខាង ត្រូវធ្វើការចិញ្ចឹមជីវិតនៅឡដុតធ្យូង ដើម្បីបានកម្រៃជួយដល់គ្រួសារជាពិសេសភរិយាមានជម្ងឺរាំរ់ៃ លោកឧកញ៉ា ទៀ វិចិត្រ ក៏ឧបត្ថម្ភថវិកាចំនួន ៨០០,០០០៛(បែតសិបមុឺនរៀល) គ្រាន់សម្រួលជីវភាពគ្រួសារកម្សត់នេះបានមួយរយៈ។

ដោយប្តីពិការភ្នែកទាំងសងខាង មានឈ្មោះ កែវ ណាង អាយុ៥៣ឆ្នាំ មានប្រពន្ធ ឈ្មោះ វៀង ហឿន អាយុ៥៥ឆ្នាំ នឹងមានកូនប្រុសចិញ្ចឹមម្នាក់ អត់ចេះនិយាយនឹងមានសតិមិនល្អ រស់នៅភូមិអូកោះគគី ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះលោក ឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវព្រមទាំងគ្រួសារ និងប្រសិទ្ធិពរជួបប្រទះនៅពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំឲ្យឃ្លៀងឃ្លាតឡើយ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង