នាយ សានម៉ៅ អតីតតារាកំប្លែងជើងចាស់ដែលមានឈ្មោះពិតថា ធូ ចំរ៉ុង បានធ្លាក់ខ្លួនឈឺធ្ងន់រហូតត្រូវចោះបំពង់កបង្កក្តីព្រួយបារម្ភជាខ្លាំងដល់ក្រុមគ្រួសារ និងមហាជន។ ក្រោយវិលត្រលប់ចូលទឹកដីកំណើតបន្ទាប់ពីទទួលការព្យាបាលនៅឯប្រទេសថៃរួចមក ស្ថានភាពជម្ងឺនាយ សានម៉ៅ ហាក់បានធូរស្រាលមួយកម្រិត ដោយលោកបានសម្រាកនៅឯផ្ទះ ប៉ុន្តែពុំអាចនិយាយកើតព្រោះបំពង់កត្រូវចោះ។

យ៉ាងណាមិញថ្មីៗនេះព័ត៌មានអាប់ដេតចុងក្រោយពីលោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា «សូមជួយស៊ែរមួយផង video គួរឲ្យអាសូរតារាកំប្លែងនាយ សានម៉ៅ ធ្លាក់ខ្លួនឈឺចោះបំពង់កនិយាយលែងកើត! នៅរសៀលនេះខ្ញុំបាទ អ៉ឹម ជីវ៉ា និងក្រុមការងារសិល្បករ បាននាំយកអំណោយរបស់ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មកជូនដល់តារាកំប្លែង នាយ សានម៉ៅ ដែលកំពុងមានជំងឺសួតនិងចោះបំពង់ករនិយាយមិនរួច សំរាកព្យាបាលនៅផ្ទះក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អំណោយរួមមាន អង្ករនាងខុនចំនួន៥០គីឡូក្រាម, ទឹកសុទ្ធ២កេះ ទឹកក្រូចពីរកេះ និងថវិកាចំនួន ៤០មុឺនរៀល ស្ថានភាពនាយ សានម៉ៅ ក្នុងពេលនេះបានធូស្បើយបន្តិចហើយ តែអាទិត្យក្រោយត្រូវទៅព្យាបាលនៅប្រទេសថៃម្តងទៀត ហើយការព្យាបាលទាំងស្រុងគឺក្រោមការយកចិត្តទុក្ខដាក់ឧត្ថម្ភពីសំណាក់សម្តេចទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ក្នុងឱកាសចុះសួសុខទុក្ខនេះលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅក៏បានផ្តាំផ្ញើសួសុខទក្ខ និងជូនពរដល់នាយ សានម៉ៅ អោយឆាប់ជាសះស្បើយពីជំងឺនិងវិលត្រឡប់ចូលបំរើវិស័យសិល្បៈវិញ។ ដោយក្តីគោរព: អ៉ឹម ជីវ៉ា»៕