ជឿជាក់ថាបងប្អូនមួយចំនួនធំមុខជាស្គាល់ច្បាស់មិនខានតារាសម្តែងស្រីឆ្នើមមួយរូបប្រចាំប្រទេសថៃ Mew Nittha ដែលជាតួឯកស្រីក្នុងរឿងខ្សែភាពយន្តល្បីៗជាច្រើនដូចជារឿង “អភិនីហារស្នេហ៍៧ថ្ងៃ (7 Days)” និងរឿង “One Day សង្សារត្រឹមមួយថ្ងៃ” ជាដើម។ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ តារាសម្តែងស្រីថៃរូបនេះបានបង្ហោះសារនៅក្នុងគណនី Instagram របស់ខ្លួនថា «It’s quite fast but I said ‘YES YES YES’ hehehe» ជាមួយរូបភាពគូស្នេហ៍របស់នាងដែលបានពញាក់អារម្មណ៍នាងដោយការសុំរៀបការនៅក្នុងចំណោមមិត្តភក្តិជិតស្និទ្ធរបស់នាង។

កម្មវិធីសុំរៀបការបែបពញាក់អារម្មណ៍នេះធ្វើឡើងដោយគូស្នេហ៍របស់នាងដែលជាបុរសហាយសូមួយរូបមានឈ្មោះថា Zen ដោយបានចូលរួមគំនិតជាមួយមិត្តជិតស្និទ្ធរបស់នាងជាច្រើននាក់ដូចជា Taew Nathaphon, Mint Chalida, Margie Rasri, Patricia Good, Alex Teeradetch, Ploy Chermarn និងមិត្តភក្តិជាច្រើននាក់ទៀត។ ដោយរូបគេបានរៀបចំពិថីយ៉ាងធំ ធ្វើឲ្យតារាសម្តែងស្រីរូបស្រស់ Mew Nittha ទន់ចិត្តឆ្លើយយល់ព្រមដោយមិនស្ទាក់ស្ទើរ បើទោះបីជាវាហាក់បីដូចជាលឿនបន្តិចសម្រាប់នាងក៏ពិតមែន៕